បរទេស៖ លោក David Cohen នាយករង នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល នៃសហរដ្ឋអាមេរិក (CIA) បានធ្វើទស្សនកិច្ច ដោយមិនបានគ្រោងទុក ទៅកាន់វិមានរដ្ឋាភិបាល កាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Cohen បានជួបជាមួយ នាយករដ្ឋមន្ត្រីលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នៅអគារ Thai Khu Fa នៅម៉ោង 9.30 ព្រឹក។ ការប្រជុំរបស់ពួកគេមានរយៈពេលប្រហែល 45 នាទី។
លោក David Cohen នាយករង CIAក៏បានពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី គឺឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវុន ផងដែរ នៅអគារបញ្ជាការដ្ឋានទី១ និងលោកឧត្តមសេនីយ៍ Supot Malaniyom អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ នៅអគារក្រហម។
នៅក្នុងដំណើរទស្សនកិច្ចដោយឥតព្រៀងទុកនេះដែរ ឆ្មាំសន្តិសុខបានរារាំងអ្នកយកព័ត៌មានពីការចូលយកព័ត៌មាននៅក្នុងជំនួបនានា ហើយពួកគេអាចថតរូបភ្ញៀវត្រឹមតែពីចម្ងាយតែប៉ុណ្ណោះ៕
ប្រែសម្រួលៈ ណៃ តុលា