បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានននិយាយនៅពេលថ្មីៗនេះថា ប្រទេសរបស់លោក កំពុងតែធ្វើវិនិយោគនៅអាហ្វ្រិក ដោយគ្មានការដាក់កម្រិតបំណុលដោយមិនចេះអស់ ស្របពេលលោកធ្វើជាសាក្សីនៃការចុះហត្ថលេខាកុងត្រា មានទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ នៅក្នុងទីក្រុង Dakar ប្រទេសសេណេហ្គាល់។
កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអាមេរិកចំនួន៤ និងសេណេហ្គាល់ ត្រូវបានចុះហត្ថលេខាជាផ្នែកនៃចំណុចជួយដល់អាហ្វ្រិកកសាងហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងកិច្ចព្រមព្រៀងប្រកបដោយតម្លាភាពនិងនិរន្តរភាប នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Euro News នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅក្នុងអំឡុងពិធីចុះហត្ថលេខាជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសសេណេហ្គាល់ លោក Amadou Hott នោះ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិក កំពុងតែធ្វើវិនិយោគ ដោយមិនធ្វើឲ្យប្រទេសជាប់បំណុល ដែលមិនអាចដោះខ្លួនរួច។
គួរបញ្ជាក់ថា ប្រទេសសេណេហ្គាល់ គឺជាប្រទេសចុងក្រោយ ក្នុងដំណើរទស្សនកិច្ច៣ប្រទេសរបស់លោក Blinken នៅតំបន់អាហ្វ្រិក ក្រោយធ្វើទស្សនកិច្ចប្រទេសកេនយ៉ានិងនីហ្សេរីយ៉ា ជាទីដែលលោកព្យាយាមបញ្ចេញទំនោរថ្មី ខុសពីសម័យអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានមើលស្រាលលើប្រទេសអាហ្វ្រិកមួយចំនួន និងបានដាក់បម្រាមការធ្វើដំណើរពីប្រទេសចំនួន៦៕ប្រែសម្រួល៖ប៉ាង កុង