ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ហ្វីលីពីន Duterte ថ្កោលទោសទៅលើការផ្ទុះអាវុធចុងក្រោយ នៅសមុទ្រចិនខាងត្បូង

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ថា លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន នៅថ្ងៃចន្ទនេះដោយបានថ្កោលទោសលើការផ្ទុះអាវុធចុងក្រោយបំផុតនៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះ បន្ទាប់ពីកប៉ាល់ឆ្មាំសមុទ្រចិន បានបាញ់កាំភ្លើងបាញ់ទឹកទៅលើទូកហ្វីលីពីន ។

លោក Duterte បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលក្នុងតំបន់អាស៊ីដែលរៀបចំដោយប្រធានាធិបតីចិន ហ្ស៊ី ជិនពីង ដែលបានប្តេជ្ញាថា ប្រទេសរបស់លោកនឹង “មិនដែលស្វែងរកអនុត្តរភាព ហើយមិនធ្វើបាបអ្នកតូចតាចនោះទេ” ។

ប្រទេសចិន ទាមទារស្ទើរតែទាំងអស់នៃផ្លូវទឹក ដែលតាមរយៈនោះ ពាណិជ្ជកម្មរាប់ពាន់លានដុល្លារឆ្លងកាត់ជារៀងរាល់ឆ្នាំ ជាមួយនឹងការទាមទារប្រកួតប្រជែងពីប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងវៀតណាម ។

ក្រុងប៉េកាំង បានព្រងើយកន្តើយនឹងសេចក្តីសម្រេចឆ្នាំ២០១៦ដោយតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ដែលការទាមទារជាប្រវត្តិសាស្ត្ររបស់ខ្លួនគឺគ្មានមូលដ្ឋាន ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top