ព័ត៌មានអន្តរជាតិ

ក្រសួងការងារ ដាក់ដំណើរការប្រព័ន្ធជាតិអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ឲ្យដំណើរការប្រព័ន្ធជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ (National TVET E-Learning Platform) ដោយមានការគាំទ្រពីទីភ្នាក់ងារស្វីស។

តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រសួង បានអភិវឌ្ឍន៍ប្រព័ន្ធជាតិ អប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ ដែលប្រើប្រាស់ បានទាំងនៅលើកុំព្យូទ័រ ថេប្លែត និងទូរស័ព្ទដៃឆ្លាតវៃ ដោយមានការគាំទ្រពីទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ»។

ក្រសួងបន្ដថា ប្រព័ន្ធជាតិនេះ ត្រូវបានបង្កើតឡើងដើម្បីចូលរួម ដោះស្រាយការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញរបស់សាស្ត្រាចារ្យ គ្រូបច្ចេកទេស និងសិក្ខាកាម សិស្ស និស្សិតក្នុងអំឡុងពេលនៃការ រីករាលដាលជាសកលជំងឺកូវីដ-១៩ ក៏ដូចជាបានបើកច្រកសិក្សាថ្មីបន្ថែម មួយទៀតនៅក្នុងវិស័យអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

សូមបញ្ជាក់ថា ប្រព័ន្ធជាតិនេះ មានមាតិកាមេរៀន វីដេអូបង្រៀន ឯកសារមេរៀន អេឡិចត្រូនិក ការស្វ័យវាយតម្លៃការសិក្សា ចំណេះដឹងទូទៅ និងព័ត៌មានផ្សេងៗ ពាក់ព័ន្ធទៅនឹងការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

លើសពីនេះទៀត សិក្ខាកាម សិស្ស និស្សិត អាណាព្យាបាល និងសាធារណជន ទាំងអស់ អាចចូលទាញយកប្រើប្រាស់ កម្មវិធីនេះដែលមានឈ្មោះថា TVET E-Learning ពី Play Store, AppStore និង AppGallery ឬចូលទៅកាន់គេហទំព័រ www.tvet-elearning.com ៕

To Top