បរទេស៖ ពលរដ្ឋថៃមួយក្រុមដែលអះអាងថា ជាអ្នកការពាររាជានិយម គឺគ្រោងប្រមូលផ្តុំគ្នា នៅខាងមុខវិមានរដ្ឋាភិបាល នៅថ្ងៃទី២៥ វិច្ឆិកា ដើម្បីទាមទារឲ្យអង្គការ លើកលែងទោសអន្តរជាតិ បញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ក្នុងប្រទេសថៃ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមដែលដឹកនាំដោយលោក Noppadol Prompasit កាលពីថ្ងៃអង្គារ បានលាតត្រដាងជាសាធារណៈ នូវលិខិតមួយផ្ញើជូន លោកនាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ដោយអំពាវនាវឱ្យរដ្ឋាភិបាល ធ្វើការស៊ើបអង្កេតលើ អង្គការលើកលែងទោសអន្តរជាតិ នៅក្នុងប្រទេសថៃ ដើម្បីកំណត់ថាតើ សកម្មភាពរបស់អង្គការនេះ អាចត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ និងស្ថាប័នរាជវង្ស ដែរឬទេ។
នៅក្នុងលិខិតនោះ ក្រុមនេះបានលើកឡើងពី សេចក្តីសម្រេចរបស់ តុលាការធម្មនុញ្ញកាលពីថ្ងៃទី១០ ខែវិច្ឆិកា ទាក់ទងនឹងសុន្ទរកថា របស់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ Arnon Nampa, Panupong Jadnok និង Panusya Sithijirawattanakul នៅឯការប្រមូលផ្តុំគ្នានៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០ នៅបរិវេណសាកលវិទ្យាល័យ Thammasat University Rangsit។
ក្រោយការសម្រេច ក្រុមរបស់លោក Noppadol បាននិយាយនៅក្នុងលិខិតនោះថា អង្គការ Amnesty National Thailand បានប្រកាសយុទ្ធនាការ ផ្ញើលិខិតមួយលានទៅកាន់ប្រជាជន និងអង្គការនានាជុំវិញពិភពលោក ដោយអំពាវនាវឱ្យពួកគេ ទាមទារឱ្យរដ្ឋាភិបាលថៃ បញ្ឈប់សកម្មភាពផ្លូវច្បាប់ លើលោកស្រី Panusya ៕
ប្រែសម្រួលៈ ណៃ តុលា