រីយូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា សាកសពចំនួន ៨នាក់ត្រូវបានគេរកឃើញ កាលពីថ្ងៃចន្ទនៅជិតក្រុង Salgueiro favela នៅក្នុងតំបន់ទីប្រជុំជន រីយ៉ូឌឺចាណេរ៉ូ មួយថ្ងៃបន្ទាប់ពីការបាញ់ប្រហារ ក្នុងអំឡុងពេលប្រតិបត្តិការប៉ូលិស នេះបើយោងតាមអាជ្ញាធរ នៅក្នុងតំបន់បានឲ្យដឹងដូច្នេះ ។
សាកសពត្រូវបានរកឃើញ នៅក្នុងព្រៃកោងកាង បន្ទាប់ពីសមាជិកនៃកងវរសេនាតូច ប្រតិបត្តិការប៉ូលីសពិសេស របស់យោធាបានចូលទៅក្នុង favela កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការបាញ់សម្លាប់មន្ត្រីម្នាក់ ដែលដើរល្បាតនៅទីនោះ កាលពីយប់ថ្ងៃសៅរ៍។
ប៉ូលិសរដ្ឋបានឲ្យដឹងថា នៅក្នុងអំឡុងពេល ប្រតិបត្តិការរបស់ប៉ូលិស ជនសង្ស័យជួញដូរគ្រឿងញៀន ដែលគ្រប់គ្រងតំបន់នេះបានធ្វើសកម្មភាព បាញ់ប្រហារជាមួយប៉ូលីស ដោយបន្ថែមថា សាកសពបុរសទាំងអស់ ពាក់ឯកសណ្ឋានក្លែងបន្លំ និងកាន់កាំភ្លើងវែង។
អ្នកស្រុកបានប្រាប់ បណ្តាញទូរទស្សន៍ក្នុងស្រុក TV Globo ថា សាកសពទាំងអស់ត្រូវបាន បោះចូលទៅក្នុងវាលភក់ព្រៃកោងកាង ដោយមានសញ្ញានៃការធ្វើទារុណកម្ម ។
ក្រុង Salgueiro favela ត្រូវបានគេចាត់ទុកថា ជាតំបន់គ្រោះថ្នាក់ បំផុតមួយនៅក្នុងទីក្រុងរីយូ ដោយសារការជួញដូរគ្រឿងញៀន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា