ព្រុសែល ៖ ប្រធានគណៈកម្មាការលោកស្រី Ursula von der Leyen បានប្រកាស កាលពីថ្ងៃអង្គារថា គណៈកម្មការអឺរ៉ុប បានស្នើវិធានការកំណត់គោលដៅ វាយប្រហារក្រុមហ៊ុនដឹកជញ្ជូន ដែលត្រូវបានគេលើកឡើងថា បានជួយរត់ពន្ធមនុស្សចូលទៅក្នុងសហភាពអឺរ៉ុប (EU) តាមរយៈប្រទេសបេឡារុស្ស ។
ថ្លែងទៅកាន់សភាអឺរ៉ុប លោកស្រី von der Leyen បានលើកឡើងថា វិធានការនេះ នឹងដាក់ក្នុងបញ្ជីខ្មៅក្រុមហ៊ុនដឹកជញ្ជូន ដែលពាក់ព័ន្ធនឹងការ ជួយផ្លាស់ទីជន ចំណាកស្រុក ពីការចូលទៅកាន់ដែនអាកាស សហភាពអឺរ៉ុប ការចុះចតនៅអាកាសយានដ្ឋាន មកដល់កំពង់ផែ ឬឆ្លងកាត់ទឹកដី សហភាពអឺរ៉ុប ។
លោកបានបន្ដថា “មានភ្នាក់ងារទេសចរណ៍ ឯកទេស ដែលផ្តល់ជូន នូវកិច្ចព្រមព្រៀង រួមបញ្ចូលទាំងអស់ ទិដ្ឋាការ ជើងហោះហើរ សណ្ឋាគារ និងតាក់ស៊ី និងឡានក្រុង ឆ្ពោះទៅព្រំដែន ។ សូមឱ្យយើងយល់ឱ្យច្បាស់ថា ជនចំណាកស្រុកទាំងនេះ កំពុងត្រូវបានបំភាន់ ដោយការសន្យាមិនពិត” ។
អនុប្រធានគណៈកម្មការ Margaritis Schinas បានលើកឡើងថា ស្ថានភាពនេះ គឺជាលទ្ធផល នៃមនុស្សត្រូវបាន “លក់ការកុហក” ដោយបណ្តាញ រត់ពន្ធអន្តរជាតិ ។ លោក Schinas បានបន្ថែមថា “នេះមិនមែនជាការគំរាមកំហែងការ ធ្វើចំណាកស្រុក ឬវិបត្តិនោះទេ នេះគឺជាសុវត្ថិភាពមួយ ដូច្នេះយើង ត្រូវតែដោះស្រាយជាមួយវា” ។
ប្រសិនបើត្រូវ បានអនុម័ត វិធានការនេះ នឹង បន្ថែមសម្ពាធ លើប្រទេសបេឡារុស ដើម្បីបន្ធូរបន្ថយ វិបត្តិជន ចំណាកស្រុកឆ្លង កាត់បណ្តាប្រទេស សហភាពអឺរ៉ុប ដែលមានព្រំប្រទល់ ជាប់ប្រទេសបេឡារុស្ស រួមទាំងប្រទេសឡាតវី លីទុយអានី និងប៉ូឡូញ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីបេឡារុស្ស លោក Alexander Lukashenko បានអំពាវនាវឱ្យសហភាពអឺរ៉ុប សហការជាមួយទីក្រុង Minsk ដើម្បីដោះស្រាយវិបត្តិជន ចំណាកស្រុករយៈពេលជាច្រើនខែ ដែលបានបណ្តាលឲ្យមនុស្សជាង 10 នាក់ស្លាប់។
ចាប់តាំងពីខែសីហាមក ជនចំណាកស្រុករាប់ពាន់នាក់ ដែលភាគច្រើនមកពីប្រទេសដែលហែកហួរ ដោយសង្រ្គាម នៅមជ្ឈិមបូព៌ា ត្រូវបានជាប់គាំង នៅព្រំដែន រវាងប្រទេសបេឡារុស្ស និងប្រទេសជិតខាងរបស់ខ្លួន ដើម្បីស្វែងរកចូលទៅក្នុងទឹកដីសហភាពអឺរ៉ុប។ ទោះយ៉ាងណាក៏ដោយ ជនចំណាកស្រុកកាន់ តែច្រើនបានមកដល់ផ្នែកខាងបេឡារុស្ស នៃព្រំដែនជាមួយប៉ូឡូញ កាលពីដើមខែនេះ៕