ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លើកឡើងថា ប្រទេសរបស់លោកប្រកាន់ខ្ជាប់នូវ “ដំណោះស្រាយរដ្ឋពីរ” ទាក់ទងនឹងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈដែលប្រទេសទាំងពីរនេះ មានជម្លោះរ៉ាំរ៉ៃ ជុំវិញការរំលោភបំពានកាន់កាប់ទឹកដីដោយភាគីអ៊ីស្រាអែល។
លោកពូទីន បានឲ្យដឹងក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុង Sochi ថាជម្លោះបច្ចុប្បន្នរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវតែដោះស្រាយស្របតាមដំណោះស្រាយ ដែលបានអនុម័តពីមុននៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោក ពូទីន បានសង្កត់ធ្ងន់ថា បញ្ហាត្រូវតែដោះស្រាយដោយឈរលើមូលដ្ឋានសមធម៌ ដែលគិតគូរពីផលប្រយោជន៍របស់ប្រជាជនទាំងអស់ដែលរស់នៅក្នុងតំបន់។
លោក បានបន្តថា “យើងប្រាកដណាស់នឹងធ្វើការក្នុងទិសដៅនេះ ទោះវាលំបាកយ៉ាងណា ក៏ដោយ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ៕
ដោយ ឈូក បូរ៉ា