ព័ត៌មានអន្តរជាតិ

ចិនថ្កោលទោស អាមេរិកថា ធ្វើការគម្រាមក្នុងការបោះឆ្នោត នៃប្រទេសហុងឌូរ៉ាស់

បរទេស៖ក្រសួងការបរទេសរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការចោទប្រកាន់សហរដ្ឋអាមេរិក ពីបទធ្វើការគម្រាម ក្រោយគណៈប្រតិភូអាមេរិកបានបញ្ជាក់ច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន ចង់ឲ្យប្រទេសហុងឌូរ៉ាស់ រក្សាចំណងមិត្តភាពការទូតដ៏យូរអង្វែងរបស់ខ្លួន ជាមួយកោះតៃវ៉ាន់ នៅពេលធ្វើការបោះឆ្នោតនាចុងសប្ដាហ៍នេះ។

ក្រៅពីនោះ តាមសេចក្តីរាយការណ៍ មន្ត្រីសហរដ្ឋអាមេរិកមួយរូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក៏បាននិយាយប្រាប់ផងដែរថា ទីក្រុងវ៉ាស៊ីនតោន បានធ្វើការព្រមានដល់បណ្ដាប្រទេសអាមេរិកកណ្ដាលនានា អំពីហានិភ័យមួយចំនួនពាក់ព័ន្ធទៅនឹងវិធីសាស្ត្ររបស់ប្រទេសចិនមកលើតំបន់។

នៅពេលត្រូវគេចោទសួរអំពីការដែលសហរដ្ឋអាមេរិកនិយាយប្រាប់ដល់បេក្ខភាពហុងឌូរ៉ាស់ ឲ្យរក្សាចំណងមិត្តភាពការទូតជាមួយកោះតៃវ៉ាន់នោះ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិកនឹងមិនឈ្នះមិត្តណាមួយ តាមមធ្យោបាយនេះទេ។

គួរបញ្ជាក់ថា លោកស្រី Xiomara Castro ជាបេក្ខភាពមកពីបក្សប្រឆំាងដ៏ធំ ដែលនាំមុខក្នុងការបោះឆ្នោតចុងក្រោយ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងខែនេះ ពីមុនធ្លាប់បាននិយាយថា ប្រសិនបើឈ្នះ លោកស្រីនឹងផ្លាស់ប្តូរចំណងមិត្តភាពពីតៃវ៉ាន់ ងាកមករកទីក្រុងប៉េកាំងវិញ ប៉ុន្តែជំនួយការដ៏ជិតស្និទ្ធម្នាក់របស់លោកស្រី បាននិយាយកាលពីថ្ងៃអង្គារថា នៅទាន់ធ្វើការសម្រេចចិត្តជាចុងក្រោយនោះទេ៕

ប្រែសម្រួល៖ប៉ាង កុង

To Top