បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានគម្រាមបង្កើនការ ប្រឈមមុខជាមួយអ៊ីរ៉ង់ នៅក្នុងទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ នាខែក្រោយ ប្រសិនបើអ៊ីរ៉ង់មិនសហការបន្ថែម ជាមួយទីភ្នាក់ងារឃ្លាំមើល នុយក្លេអ៊ែអន្តរជាតិនេះទេ ហើយនេះជាការបង្កើនការប្រឈមមុខ អាចធ្វើឲ្យប៉ះពាល់ដល់ កិច្ចពិភាក្សាស្តារ កិច្ចព្រមព្រៀងឆ្នាំ២០១៥ ជាមួយអ៊ីរ៉ង់។
ប្រទេសអ៊ីរ៉ង់ នាពេលបច្ចុប្បន្ននេះ កំពុងតែជាប់គាំង នៅក្នុងជម្លោះជាច្រើន ជាមួយទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ ហៅកាត់ថា IAEA ដែលមានក្រុមប្រឹក្សាភិបាល មានប្រទេសចំនួន ៣៥ជាសមាជិក កំពុងតែប្រារព្ធធ្វើ កិច្ចប្រជុំប្រចាំត្រីមានមួយ នៅក្នុងសប្ដាហ៍នេះ។
គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ ដែលបានលើកលែងទណ្ឌកម្ម ជាថ្នូរនៃការដាក់កម្រិត លើសកម្មភាពនុយក្លេអ៊ែរ បស់ប្រទេសនេះ ហើយលោកបានធ្វើការ ដាក់ទណ្ឌកម្មជាថ្មី ដែលក្រោយមកអ៊ីរ៉ង់ បានបន្តពង្រីកការងារនុយក្លេអ៊ែ និងកាត់បន្ថយសហប្រតិបត្តិការ ជាំមួយទីភ្នាក់ងារ IAEA។
សេចក្តីថ្លែងការណ៍មួយ របស់សហរដ្ឋអាមេរិក ប្រាប់ដល់ក្រុមប្រឹក្សាភិបាលនោះ បាននិយាយយ៉ាងដូច្នេះថា “ប្រសិនបើប្រទេសអ៊ីរ៉ង់ មិនបន្ថយការមិនសហការភ្លាមៗទេនោះ ក្រុមប្រឹក្សាភិបាល នឹងគ្មានជម្រើសដទៃ ក្រៅពីជួបប្រជុំគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញ នៅមុនចុងឆ្នាំនេះ ក្នុងគោលបំណងដោះស្រាយវិបត្តិ” ៕
ប្រែសម្រួល៖ ប៉ាង កុង