ព័ត៌មានអន្តរជាតិ

អេត្យូពី ជំរុញឲ្យអាមេរិក បញ្ឈប់ការផ្សព្វផ្សាយ ព័ត៌មានមិនពិត

" "

អាឌីសអាបាបា៖ រដ្ឋាភិបាលអេត្យូពី បានជំរុញឲ្យរដ្ឋាភិបាលអាមេរិក និងអង្គការនានាបញ្ឈប់ ការផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន របស់ប្រទេសរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋាភិបាលអេត្យូពី បានព្រមានស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងអាឌីស អាបាបា និងអង្គការនានាប្រឆាំងនឹង ការអនុវត្តបន្តរបស់ពួកគេ ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ទូរទស្សន៍រដ្ឋអេត្យូពី បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសេវា ទំនាក់ទំនងរដ្ឋាភិបាលអេត្យូពី លោក Kebede Desisa។

" "

នេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីស្ថានទូតអាមេរិក ប្រចាំប្រទេសអេត្យូពី បានចេញការព្រមាន ដល់ពលរដ្ឋរបស់ខ្លួន ដែលរស់នៅក្នុងប្រទេសអេត្យូពី អំពីការវាយប្រហារភេរវកម្ម ដែលអាចកើតមាន នៅក្នុងរដ្ឋធានីអាឌីស អាបាបា នៃប្រទេសអេត្យូពី។

" "

មុននេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានព្រមានម្តងហើយម្តងទៀត ដល់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញ ពីប្រទេសនៅអាហ្វ្រិកខាងកើតមួយនេះ ដោយសារជម្លោះ ដែលកំពុងកើនឡើង នៅក្នុងប្រទេសនេះ។

ជម្លោះដែលបានផ្ទុះឡើងក្នុងខែវិច្ឆិកា ឆ្នាំមុន នៅក្នុងតំបន់ Tigray ភាគខាងជើងបំផុតនៃប្រទេសអេត្យូពី រវាងរណសិរ្សរំដោះប្រជាជន Tigray (TPLF) និងកងកម្លាំងការពារជាតិអេត្យូពី បានរីករាលដាលពេញ មួយខែកន្លងមកនេះ នៅទូទាំងតំបន់ Amhara និង Afar ដែលនៅជិតខាង ខណៈដែលកងកម្លាំង ដែលស្មោះត្រង់នឹង TPLF បានកើនឡើង ៕

ដោយ ឈូក បូរ៉ា

To Top