បរទេស ៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសឥណ្ឌា ប្រទេសរុស្ស៊ី និងប្រទេសចិន នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវក្តីព្រួយបារម្ភ ចំពោះភាពយ៉ាប់យ៉ឺន កាន់តែខ្លាំង នៃស្ថានភាពមនុស្សជាតិ នៅអាហ្វហ្គានីស្ថាន និងការរីករាលដាល នៃការជួញដូរថ្នាំញៀន នៅក្នុងប្រទេសនោះ។
ប្រទេស អាហ្វហ្គានីស្ថាន បានធ្លាក់ចូលក្នុងវិបត្តិ ដោយបាត់បង់ភ្លាមៗ នូវជំនួយបរទេសរាប់ពាន់លានដុល្លារ ក្រោយពីការដួលរលំ នៃរដ្ឋាភិបាល ដែលលោកខាងលិចគាំទ្រ និងការវិលត្រឡប់ ចូលមកកាន់កាប់អំណាច នៅក្នុងទីក្រុងកាប៊ុលវិញ របស់ពួកតាលីបង់ កាលពីខែសីហា។
ក្រោយកិច្ចប្រជុំ រវាងរដ្ឋមន្ត្រី ការបរទេសឥណ្ឌា លោក S Jaishankar រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នោះ សេចក្តីថ្លែងការណ៍រួមគ្នាបាននិយាយដូច្នេះថា “ដោយការសម្តែង នូវក្តីព្រួយបារម្ភជុំវិញ ភាពយ៉ាប់យ៉ឺនកាន់តែខ្លាំង នៃស្ថានភាពមនុស្សជាតិ នៅអាហ្វហ្គានីស្ថាននេះ រដ្ឋមន្ត្រី (ទាំង៣) បានស្នើឲ្យមានការផ្តល់ជំនួយ មនុស្សធម៌ភ្លាមៗ និងគ្មានការរារាំង ដល់ប្រទេស អាហ្វហ្គានីស្ថាន” ។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍នោះ បានអំពាវនាវឲ្យពួកតាលីបង់ គោរពលទ្ធផល នៃសេចក្តីសម្រេចរបស់អង្គការ សហប្រជាជាតិ លើប្រទេស អាហ្វហ្គានីស្ថាន និងតួនាទីកណ្ដាលរបស់អង្គការ សហប្រជាជាតិនៅក្នុងប្រទេស ៕
ប្រែសម្រួល៖ប៉ាង កុង