ព័ត៌មានអន្តរជាតិ

ប្រទេសថៃ នឹងហាមឃាត់ការធ្វើដំណើរ ពីប្រទេសចំនួន៨ នៅអាហ្វ្រិក ដោយបារម្ភពី វីរុសបំលែងថ្មី

បរទេស៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសថៃនឹងហាមឃាត់ការចូលរបស់អ្នកដំណើរ មកពីប្រទេសអាហ្វ្រិកចំនួន៨ ដែលវាត្រូវបានកំណត់ថាមានហានិភ័យខ្ពស់ ចំពោះវីរុសបំលែងថ្មីនៃមេរោគកូរ៉ូណា។ នាយករដ្ឋមន្ត្រី លោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យភ្នាក់ងារបង្កើនការប្រុងប្រយ័ត្នប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មីនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា បញ្ជីប្រទេសទាំងនោះគឺដូចគ្នា នឹងប្រទេសដែលបានប្រើដោយសហរដ្ឋអាមេរិក ដែលបានប្រកាសហាមឃាត់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍។

ចាប់ពីថ្ងៃទី១ ខែធ្នូ ការធ្វើដំណើរទៅកាន់ប្រទេសថៃ ពីប្រទេស Botswana, Eswatini, Lesotho, Malawi, Mozambique, Namibia, South Africa និង Zimbabwe នឹងត្រូវហាមឃាត់។ លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋាន គ្រប់គ្រងជំងឺបានប្រាប់សន្និសីទសារព័ត៌មានមួយ។

លោកបាននិយាយថា អ្នកនៅទីនេះដែលទើបនឹងមកពីប្រទេសទាំងនេះ ក៏នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃសៅរ៍។ លោកបានបន្ថែមថា មិនមានករណីឆ្លងថ្មីនេះត្រូវបានរកឃើញនៅក្នុងប្រទេសថៃទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top