ព័ត៌មានអន្តរជាតិ

G7 គ្រោងបើកកិច្ចប្រជុំ បន្ទាន់លើជំងឺកូវីដ-១៩ ទម្រង់ថ្មីអូមីក្រុង ដែលរាលដាលចេញ ពីអាហ្វ្រិកខាងត្បូង

ឡុងដ៌ ៖ រដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងថា រដ្ឋមន្ត្រីសុខាភិបាលមកពីក្រុមប្រទេស ឧស្សាហកម្មទាំង៧ ហៅកាត់ថា G7 នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការឆ្លើយតប របស់ពួកគេ ចំពោះមេរោគឆ្លងថ្មី ដែលរីករាលដាល នៅក្នុងទ្វីបអឺរ៉ុប និងកន្លែងផ្សេងទៀត។

ទម្រង់ឆ្លងថ្មី អូមីក្រុង ដែល ត្រូវបានរកឃើញដំបូង នៅអាហ្វ្រិកខាងត្បូង និង ត្រូវបានកំណត់ថា ជាទម្រង់ឆ្លង នៃការព្រួយបារម្ភ ដោយអង្គការសុខភាពពិភពលោក ត្រូវបានគេភ័យខ្លាចថា អាចឆ្លងបានខ្ពស់ ហើយត្រូវបានបញ្ជាក់រួចហើយនៅក្នុងសមាជិក G-7 ចំនួន៤ គឺ អង់គ្លេស កាណាដា អាល្លឺម៉ង់ និងអ៊ីតាលី បន្ទាប់ពីអាហ្វ្រិកខាងត្បូង បានរាយការណ៍ករណីមួយ ទៅកាន់ WHO កាលពីថ្ងៃពុធ។

រដ្ឋមន្ត្រីសុខាភិបាល G-7 រួមទាំងអ្នកមកពីប្រទេស បារាំង ជប៉ុន និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងយល់ព្រមលើកិច្ចខិតខំប្រឹងប្រែង សម្របសម្រួល ដើម្បីទប់ទល់នឹងការរីករាលដាល នៃទម្រង់ឆ្លងអូមីក្រុង នៅក្នុងកិច្ចប្រជុំដែលបានកោះប្រជុំជាបន្ទាន់ ប្រហែលជាតាមអ៊ីនធឺណិត ក្រោមការដឹកនាំ របស់ចក្រភពអង់គ្លេស ។

វិទ្យាស្ថានជាតិជំងឺឆ្លង របស់ប្រទេសជប៉ុន បានបង្កើនការជូនដំណឹងអំពីវ៉ារ្យ៉ង់នៃមេរោគឆ្លងរបស់ខ្លួនសម្រាប់ទម្រង់ឆ្លងអូមីក្រុង ដល់កម្រិតខ្ពស់បំផុត កាលពីថ្ងៃអាទិត្យ។

ប្រទេសកាណាដា បានបញ្ជាក់ពីការឆ្លងមេរោគអូមីក្រុង ចំនួនពីរនៅអូតាវ៉ាកាលពីថ្ងៃអាទិត្យ ដែលជាករណីដំបូង ដែលត្រូវបានរាយការណ៍នៅអាមេរិក។ យោងតាមអាជ្ញាធរក្នុងរដ្ឋ Ontario បានឱ្យដឹងថា បុគ្គលដែលពាក់ព័ន្ធបានធ្វើដំណើរទៅប្រទេស នីហ្សេរីយ៉ា នាពេលថ្មីៗនេះ៕

ដោយ ឈូក បូរ៉ា

To Top