ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន​​ សន្យាផ្តល់ថ្នាំវ៉ាក់សាំង កូវីដ១៩ ចំនួន១ពាន់លានដូស ថែមទៀតឲ្យអាហ្វ្រិក

បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទនេះ បាននិយាយថា ប្រទេសចិននឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ចំនួន១ពាន់លានដូសថែមទៀត ឲ្យដល់ប្រទេសនៅតំបន់អាហ្វ្រិក និងធ្វើការជំរុញលើកទឹកចិត្តក្រុមហ៊ុនចិន ឲ្យធ្វើការវិនិយោគមិនតិច ជាង១០លានដុល្លារ នៅតំបន់អាហ្វ្រិក ក្នុងអំឡុងរយៈពេល៣ឆ្នាំខាងមុខ ។

ការសន្យាផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ បន្ថែមនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើង ស្របពេលដែលមានក្តីព្រួយ បារម្ភកើនឡើង ជុំវិញការឆ្លងរាលដាល នៃមេរោគកូរ៉ូណា ប្រភេទថ្មី មានឈ្មោះថា អូមីក្រុង ដែលត្រូវបានគេរកឃើញដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ។

ក្នុងសុន្ទរកថា ដែលធ្វើឡើងតាមវីដេអូខល ក្នុងការបើកវេទិកាស្តីពីសហប្រតិបត្តិការចិន និងអាហ្វ្រិក លោកប្រធានាធិបតីចិន រូបនេះ ក៏បានមាន ប្រសាសន៍ផងដែរថា មជ្ឈមណ្ឌលប្រាក់យន់ឆ្លងព្រំដែនចិន-អាហ្វ្រិក នឹងត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឲ្យស្ថាប័នហិរញ្ញវត្ថុអាហ្វ្រិក នូវខ្សែឥណទានចំនួន ១០ពាន់លានដុល្លារ ដោយមិនចាំបាច់ផ្តល់សេចក្តីលម្អិតបន្ថែម ។

លោក ស៊ី ជីនពីង បានមានប្រសាសន៍ បន្តថា ការនាំចូលសរុប របស់ចិនពីអាហ្វ្រិក ដែលជាប្រភពមួយក្នុង ចំណោមប្រភពដ៏សំខាន់ នៃប្រេងឆៅនិង ការផ្គត់ផ្គង់វត្ថុធាតុដើមនោះ នឹងដល់ចំនួន៣០០ពាន់លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំខាងមុខ ហើយភាគីទាំងពីរ នឹងធ្វើសហប្រតិបត្តិការក្នុងវិស័យនានា ដូចជាវិស័យសុខាភិបាល ការច្នៃប្រឌិតឌីជីថល ការលើកកម្ពស់ពាណិជ្ជកម្ម និងការអភិវឌ្ឍបៃតង៕
ប្រែសម្រួល៖ប៉ាង កុង

To Top