បរទេស៖ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋគួរតែបង្កើនការតេស្តកូវីដ១៩ ស្របពេលដែលពិភពលោកប្រយុទ្ធនឹងមេរោគកូរ៉ូណាប្រភេទថ្មី អូមីក្រុង ក្នុងខណៈទីក្រុងមួយចំនួន បានពន្យាពេលការបើកសាលាឡើងវិញ ដែលនេះជាវិធានការការពារទុកមុន។
ក្រៅពីនេះ ក្រសួងក៏បាននិយាយផងដែរថា មេរោគប្រភេទ អូមីក្រុង មិនគេចពីការតេស្ត RT-PCR និង RAT នោះទេ ជាការបន្ធូរក្តីព្រួយបារម្ភខ្លះៗ នៅក្នុងចំណោមបុគ្គលិកសុខាភិបាលក្នុងស្រុក ដែលថា ការផ្លាស់ប្តូរប្រូតេអ៊ីនរបស់មេរោគ អាចបណ្ដាលឲ្យការតេស្តធម្មតាបរាជ័យ មិនអាចរកមេរោគឃើញ។
ការនិយាយបែបនេះរបស់ក្រសួងសេដ្ឋកិច្ចឥណ្ឌា គឺត្រូវបានធ្វើឡើង ស្របពេលដែលក្រសួងព្រមានដល់រដ្ឋាភិបាលកាលពីសប្ដាហ៍មុនថា ការថយចុះក្នុងការធ្វើតេស្តនាពេលថ្មីៗនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់ប្រទេសឥណ្ឌា ក្នុងការទប់ស្កាត់ការរាតត្បាតឆ្លងនៃជម្ងឺកូវីដ១៩។
គួរបញ្ជាក់ថា ស្របពេលដែលឥណ្ឌាមិនទាន់មានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង ណាមួយនៅឡើយនោះ អាជ្ញាធរឥណ្ឌា នាពេលបច្ចុប្បន្ន កំពុងតែធ្វើការសិក្សាសំណាករបស់បុរសម្នាក់ ដែលតេស្តវិជ្ជមានកូវីដ១៩ ក្រោយទើបវិលត្រឡប់ពីអាហ្វ្រិកខាងត្បូងនាពេលថ្មីៗនេះ ដើម្បីពិនិត្យថា គាត់ឆ្លងប្រភេទអូមីក្រុង ឬក៏ប្រភេទដទៃ៕ប្រែសម្រួល៖ប៉ាង កុង