ព័ត៌មានអន្តរជាតិ

ថៃ៖ បុគ្គលិកស្រីម្នាក់ ដុត ដេប៉ូលក់ប្រេងម៉ាស៊ីន មួយកន្លែង ដោយសារតែខឹង ថៅកែ តែងតែស្តីបន្ទោស

បរទេស៖ បុគ្គលិកក្រុមហ៊ុន Prapakorn Oil Co ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ ផ្តើមភ្លើងឆាបឆេះដេប៉ូប្រេងរំអិលរបស់ក្រុមហ៊ុន ដោយសារតែនាងខឹងនឹងថៅកែរបស់នាង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក Thanayut Wutthicharasthamrong ស្នងការនគរបាលខេត្តតំបន់ Region 7 បាននិយាយនៅថ្ងៃពុធថា នាង Sirasinee Sriya អាយុ 38 ឆ្នាំត្រូវបានចាប់ខ្លួននៅផ្ទះរបស់នាងនៅស្រុក Sam Phran ខេត្ត Nakhon Pathom កាលពីថ្ងៃអង្គារដោយប៉ូលីសពី Pho Kaew ។

ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទដុតបំផ្លាញ និងនិយាយមិនពិតជាមួយប៉ូលិស។ Sirasinee គឺជាអ្នកគ្រប់គ្រងដេប៉ូប្រេងរំអិល និងសារធាតុរំលាយរបស់ក្រុមហ៊ុននៅស្រុក Sam Phran ដែលត្រូវបានអគ្គិភ័យឆាបឆេះកាលពីថ្ងៃច័ន្ទ។ ភ្នាក់ងារពន្លត់អគ្គិភ័យបានប្រើពេលអស់៤ម៉ោង ទើបអាចគ្រប់គ្រងភ្លើងបាន ។

ការខូចខាតត្រូវបានប៉ាន់ប្រមាណថា គិតជាប្រាក់ចំនួន ៤០ លានបាត។ ដេប៉ូនេះស្ថិតនៅក្បែរប្រឡាយ Khong Om Yai ហើយអគ្គីភ័យបានបង្កឱ្យមានការព្រួយបារម្ភថា ផ្លូវទឹក និងបរិស្ថានជុំវិញអាចមានការបំពុលដោយសារធាតុគីមីឥន្ធនៈក្នុងអំឡុងពេលភ្លើង។ ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ខ្លួនបានដុត ជាការតបតទៅថៅកែវិញ ព្រោះថៅកែតែងតែស្តីបន្ទោសឱ្យនាង ៕ប្រែសម្រួលៈ ណៃ តុលា

To Top