បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានប្រាប់ប្រទេសឥណ្ឌូនេស៊ី ឲ្យឈប់ខួងយកប្រេង និងឧស្ម័នធម្មជាតិ នៅដែនសមុទ្រដែលប្រទេសទាំងពីរ សុទ្ធតែចាត់ទុកថាជារបស់ខ្លួន នៅក្នុងអំឡុង ជម្លោះជាប់គាំងរយៈពេល ជាច្រើនខែមួយ នៅដែនសមុទ្រចិនខាងត្បូង នាដើមឆ្នាំនេះ។
ការទាមទារមិនធ្លាប់មាន ដែលពីមុនមកមិនធ្លាប់មានការរាយការណ៍នោះ បានបង្កើននូវភាពតានតឹងជុំវិញរឿងធនធានធម្មជាតិ រវាងប្រទេសទាំងពីរ ស្ថិតនៅក្នុងតំបន់ ដ៏មានសារៈសំខាន់ទាំងផ្នែកយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចសកល។
លិខិតមួយពីមន្ត្រីការទូតចិនប្រចាំជូនដល់ក្រសួងការបរទេសរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយប្រាប់ឥណ្ឌូនេស៊ីយ៉ាងច្បាស់ៗ ឲ្យបញ្ឈប់ការខួងអណ្ដូងរ៉ែនៅឯនាយសមុទ្រជាបណ្ដោះអាសន្ន
ព្រោះវាកំពុងតែធ្វើឡើងក្នុងទឹកដីចិន នេះបើយោងតាមលោក Muhammad Farhan ជាសមាជិករដ្ឋសភាឥណ្ឌូនេស៊ីមួយរូប នៅក្នុងគណៈកម្មការសន្តិសុខជាតិរបស់រដ្ឋសភា។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោក Muhammad Farhan បាននិយាយប្រាប់សារព័ត៌មានរ៉យទ័រយ៉ាងដូច្នេះថា “ការឆ្លើយតបរបស់យើង គឺម៉ឺងម៉ាត់ជាខ្លាំងថា យើងមិនបញ្ឈប់ការខួងអណ្ដូងរ៉ែនោះទេ ព្រោះវាជាសិទ្ធិអធិបតេយ្យភាពរបស់យើង”៕
ប្រែសម្រួល៖ប៉ាង កុង