ព័ត៌មានអន្តរជាតិ

រុស្ស៊ីបញ្ជា ឲ្យបុគ្គលិកការទូតអាមេរិក មួយចំនួនចាកចេញ ស្របពេលដែលជម្លោះស្ថានទូត រីកកាន់តែធំ

បរទេស៖ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនកំពុងតែបញ្ជាឲ្យបុគ្គលិកស្ថានទូតសហរដ្ឋអាមេរិក ដែលនៅក្នុងទីក្រុងមូស្គូ អស់រយៈពេលជាង៣ឆ្នាំឲ្យធ្វើដំណើរ តាមយន្តហោះត្រឡប់ទៅប្រទេសកំណើតវិញ នៅត្រឹមថ្ងៃទី៣១ ខែមករាខាងមុខនេះ ហើយនេះជាការសងសឹក ចំពោះអ្វីដែលទីក្រុងមូស្គូនិយាយថា គឺជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការកម្រិតអាណត្តិរបស់មន្ត្រីការទូតរុស្ស៊ី។

មន្ត្រីនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយប្រាប់សន្និសីទកាសែតមួយយ៉ាងដូច្នេះថា “យើងចង់ធ្វើការឆ្លើយរតបតាមបែបដែលដូចគ្នា ហើយនិយោជិតស្ថានទូតសហរដ្ឋអាមេរិក ដែលបាននៅក្នុងទីក្រុងមូស្គូអស់រយៈពេលជាង៣ឆ្នាំនោះ ត្រូវតែចាកចេញពីប្រទេសរុស្ស៊ីនៅត្រឹមថ្ងៃទី៣១ ខែមករា”។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានដកស្រង់សម្តីលោកស្រី ដែលនិយាយថា ច្បាប់អាមេរិកថ្មីមានន័យថា មន្ត្រីការទូតរុស្ស៊ី ដែលត្រូវបង្ខំឲ្យចាកចេញពីសហរដ្ឋអាមេរិក គឺក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើការងារជាមន្ត្រីការទូត នៅសហរដ្ឋអាមេរិក អស់រយៈពេល៣ឆ្នាំផងដែរ។

គួរបញ្ជាក់ថា ចំណាត់ការដ៏ថ្មីបំផុតក្នុងជម្លោះការទូតកំពុងឡើងកម្តៅនេះ គឺត្រូវបានធ្វើឡើងក្រោយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយកាលពីសប្ដាហ៍មុនថា មន្ត្រីការទូតរុស្ស៊ី២៧នាក់និងគ្រួសារពួកគេ ត្រូវបានបណ្ដេញចេញពីសហរដ្ឋអាមេរិក ហើយនឹងធ្វើដំណើរចាកចេញនៅថ្ងៃទី៣០ ខែមករា៕

ប្រែសម្រួល៖ប៉ាង កុង

To Top