ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានលើកឡើងថា បណ្តាប្រទេសសហភាពអឺរ៉ុប គួរតែចាប់ផ្តើមការពិភាក្សាថា តើត្រូវការការចាក់វ៉ាក់សាំងជាចាំបាច់ក្នុងការប្រយុទ្ធប្រឆាំង នឹងការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ជាពិសេសចាប់តាំងពីមួយភាគបី នៃចំនួនប្រជាជនសហភាពអឺរ៉ុបមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។
ដោយទទួលស្គាល់ថា ការសម្រេចចិត្តបែបនេះគឺជា “សមត្ថកិច្ចរដ្ឋជាសមាជិកសុទ្ធសាត” លោកស្រីបានកត់សម្គាល់ថា ប្រជាជនប្រហែល១៥០ លាននាក់ នៅសហភាពអឺរ៉ុបមិន បានទទួលយកការរិះគន់នោះទេ។
លោកស្រីបានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មានថា “ខ្ញុំគិតថាវាជាការយល់បាន និងសមរម្យក្នុងការដឹកនាំការពិភាក្សានេះ ឥឡូវនេះ របៀបដែលយើងអាចលើកទឹកចិត្ត និងគិតអំពីសក្តានុពលនៃការចាក់វ៉ាក់សាំងជាកាតព្វកិច្ចនៅក្នុងសហភាពអឺរ៉ុប” ។
អ្នក ស្រីបានបន្ដថា “យើងមានថ្នាំវ៉ាក់សាំងនេះ ហើយជាវ៉ាក់សាំងសង្គ្រោះជីវិតប៉ុន្តែវា មិន ត្រូវបានគេប្រើគ្រប់គ្រាន់នៅគ្រប់ទីកន្លែងនោះទេ ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោកស្រី Von der Leyen ក៏បានឲ្យដឹងផងដែរថា ក្រុមហ៊ុនផ្តល់វ៉ាក់សាំងជំងឺកូវីដ-១៩ ដ៏សំខាន់របស់អឺរ៉ុបគឺ BioNTech/Pfizer នឹងមានការចាក់វ៉ាក់សាំង សម្រាប់កុមារនៅក្នុងប្លុកនេះក្នុងរយៈពេលពីរសប្តាហ៍។
ប្រធានគណៈកម្មការបានឲ្យដឹងទៀតថា មិនមានព័ត៌មានគ្រប់គ្រាន់អំពីទម្រង់ឆ្លងថ្មីអូមីក្រុង Omicron ដែលអង្គការសុខភាពពិភពលោកបានឲ្យដឹងថា បង្កហានិភ័យខ្ពស់នៅឡើយទេ៕
ដោយ ឈូក បូរ៉ា