ព័ត៌មានអន្តរជាតិ

អាមេរិក និងកូរ៉េខាងត្បូង សម្លឹងពង្រីកការដើរតួនៅអាស៊ី ទន្ទឹមនឹងការរៀបផែនការ ស្តីពីកូរ៉េខាងជើង

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកលោកអាចនឹងធ្វើការ វាយតម្លៃនិងផ្លាស់ប្តូរវិធីសាស្ត្រ ក្នុងការជំរុញលើកទឹកចិត្ត ចំពោះប្រទេសកូរ៉េខាងជើង ក្នុងខណៈធ្វើការសង្កត់ធ្ងន់ពីតួនាតី កើនឡើងក្នុងតំបន់ សម្រាប់ទីក្រុងសេអ៊ូល។

ការអភិវឌ្ឍមីស៊ីល និងអាវុធរបស់ ប្រទេសកូរ៉េខាងជើង គឺកំពុងតែបង្កអស្ថិរភាព កាន់តែខ្លាំងឡើងៗ ចំពោះសុវត្ថិភាពតំបន់ នេះបើតាមសម្តី រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលនិយាយក្រោយពិភាក្សាគ្នា ជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Wook ប៉ុន្តែភាគីទាំងពីរបានលើកឡើង បន្ថែមពីចំណុចឆ្លងកាត់ឧបទ្វីបកូរ៉េ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Business News Press នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សម្រាប់ពេលវេលាដ៏សំខាន់នេះ ការអះអាងរួមគ្នារបស់ រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានបញ្ជាក់ជាថ្មីនូវសារៈសំខាន់ នៃការរក្សាសន្តិភាពនិងស្ថិរភាព នៅក្នុងច្រកសមុទ្រតៃវ៉ាន់។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបន្តធ្វើការបដិសេធ ចំពោះសំណើរបស់សហរដ្ឋអាមេរិក ឲ្យធ្វើការពិភាក្សាតាមបែបការទូត ចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់តំណែងតពីលោក ដូណាល់ ត្រាំ ដែលធ្លាប់មានជំនួបកំពូលចំនួន៣ដង ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top