ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងកំណត់ជាថ្មីការជួបជុំមនុស្សត្រឹម ៦នាក់ នៅក្នុងរដ្ឋធានី និង ត្រឹម៨នាក់ នៅតំបន់ផ្សេងទៀត, អ្នកចូលកន្លែងសារធាណៈត្រូវបង្ហាញកាតចាក់វ៉ាក់សាំង

បរទេស៖ នាយករដ្ឋមន្ត្រីរបស់ប្រទេសកូរ៉េខាងត្បូង លោក Kim Boo-kyum បាននិយាយនៅថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូងនឹងកំណត់ការជួបជុំជាលក្ខណៈឯកជនត្រឹមមនុស្ស ៦នាក់នៅក្នុងតំបន់រដ្ឋធានី និង ៨ នាក់នៅក្នុងតំបន់ផ្សេងទៀតសម្រាប់រយៈពេល ៤ សប្តាហ៍ចាប់ពីសប្តាហ៍ក្រោយនេះ និងរឹតបន្តឹងច្បាប់នៃការរក្សាគម្លាតសុវត្ថិភាពដែលត្រូវបានអនុម័តក្រោម “ការរស់នៅជាមួយ COVID-19” កាលពីខែមុន។

យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Kim បានប្រកាសពីវិធានការថ្មីនេះ ក្នុងអំឡុងពេលកិច្ចប្រជុំនៃទីស្នាក់ការកណ្តាល វិធានការប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាព ចំពេលមានការកើនឡើងនៃការឆ្លងមេរោគ COVID-19 នៅក្នុងប្រទេស និងបង្កើនការភ័យខ្លាចចំពោះវ៉ារ្យ៉ង់ ឬ វីរុសបំលែងខ្លួនថ្មី ឈ្មោះ omicron ដែលមានសមត្ថភាពឆ្លងកាន់តែលឿន។

បច្ចុប្បន្នកូរ៉េខាងត្បូង មានកំណត់ការជួបជុំមនុស្សចំនួន១០នាក់នៅក្នុងរាជធានី និង១២នាក់នៅតាមតំបន់ផ្សេងទៀត ។ លោក Kim ក៏បាននិយាយផងដែរថា កន្លែងសាធារណៈភាគច្រើន រួមទាំងភោជនីយដ្ឋាន និងហាងកាហ្វេ នឹងត្រូវបានបញ្ចូលទៅក្នុងបញ្ជីអាជីវកម្មដែលទាមទារភស្តុតាងនៃការចាក់វ៉ាក់សាំង ឬការធ្វើតេស្តអវិជ្ជមានសម្រាប់ការចូល។

រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យមាន រយៈពេលអនុគ្រោះមួយសប្តាហ៍មុន នឹងអនុវត្តអ្វីដែលហៅថាប្រព័ន្ធចាក់វ៉ាក់សាំងនៅកន្លែងបន្ថែម៕

To Top