ព័ត៌មានអន្តរជាតិ

បេឡារុសនិយាយថា នឹងសងសឹកចំពោះទណ្ឌកម្ម និងប្រឈមមុខនឹង សម្ពាធមិនធ្លាប់មាន

បរទេស៖ ប្រទេសបេឡារុស បាននិយាយថា ខ្លួននឹងធ្វើការសងសឹកវិញ ក្រោយសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពជាច្រើន ក្នុងប្រទេសបេឡារុស ហើយនិងបានធ្វើត្អូញត្អែថា សេដ្ឋកិច្ចខ្លួនកំពុងតែប្រឈមមុខនឹង សម្ពាធពីខាងក្រៅមិនធ្លាប់មាន។

ទណ្ឌកម្មថ្មីនោះ មានគោលដៅបង្កើនសម្ពាធលើមេដឹកនាំបេឡារុស លោក Alexander Lukashenko ដែលរដ្ឋាភិបាល ប្រទេសលោកខាងលិច ចោទប្រកាន់ ពីបទក្លែងបន្លំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី បញ្ជាឲ្យធ្វើការបង្ក្រាបដ៏ធំ លើក្រុមប្រឆាំង និងជំរុញជនអន្តោប្រវេសន៍ តំបន់មជ្ឈិមបូព៌ា ឲ្យធ្វើដំណើរទៅកាន់ព្រំដែន ជាប់ប្រទេសប៉ូឡូញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបេឡារុស បាននិយាយយ៉ាងដូច្នេះថា “យើងបាននិយាយជាដដែលៗថា វិធានការប្រឆាំងបេឡារុសអមិត្តទាំងអស់ នឹងតបស្នងវិញដោយវិធានការឆ្លើយតបវិញយ៉ាងសមស្រប ហើយបណ្ដុំទណ្ឌកម្មថ្មី គឺមិនមានករណីលើកលែងនោះទេ”។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Daily Maverick បានឲ្យដឹងថា ចំណែកលោក Alexander Lukashenko ត្រូវបានទីភ្នាក់ងារសារព័ត៌មានរដ្ឋបេឡារុស ដកស្រង់សម្តីយ៉ាងដូច្នេះថា “សេដ្ឋកិច្ចរបស់យើង កំពុងស្ថិតនៅក្រោមសម្ពាធពីខាងក្រៅ ក្នុងទំហំនិងជម្រៅមិនធ្លាប់មានពីមុន”៕

ប្រែសម្រួល៖ប៉ាង កុង

To Top