នៅថ្ងៃអរព្រះគុណ របស់អាមេរិក សមាជិកនៃកុលសម័្ពន្ធ ជនជាតិដើមភាគតិច នៃទ្វីបអាមេរិក ដែលមកពីតំបន់ New England នៃសហរដ្ឋអាមេរិក បានធ្វើមីទីញដើម្បីរំលឹកពី “ជនជាតិដើមភាគតិច រាប់លាននាក់ ដែលទទួលរងអំពើប្រល័យពូជសាសន៍ ការទន្រ្ទានកាន់កាប់ដីធ្លី និងការរំលោភបំពាន វប្បធម៌យ៉ាងគឃ្លើន” ។ អ្នកនយោបាយអាមេរិកទាំងនោះ ដែលកំពុងត្រៀមរៀបចំ កិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ កុំធ្វើពុតជាមិនបានឮសំឡេងស្រែកបន្ទរ យ៉ាងក្រៀមក្រំ និងការចោទប្រកាន់ របស់ជនជាតិដើមភាគតិច នៃទ្វីបអាមេរិកឱ្យសោះ !
ក្នុងនាម ជាជនជាតិដើមភាគតិច នៃទ្វីបអាមេរិក ជនជាតិឥណ្ឌាអាមេរិកកាំង ធ្លាប់ជួយពួកអាណានិគម ដែលបានមកដល់ដីគោក ទ្វីបអាមេរិកខាងជើង កាលជំនាន់ពីមុន ប៉ុន្តែអ្វីដែលពួកគេ ទទួលបាននោះគឺ ការប្រល័យពូជសាសន៍ និងការរើសអើងពូជសាសន៍ ។ ការត្រូវបានគេសម្លាប់រង្គាល ការត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ពីគេនិងត្រូវបានគេបំភ្លេចចោល សោកនាដកម្មពូជសាសន៍ របស់ជនជាតិឥណ្ឌា អាមេរិកាំង បានកើតឡើងក្នុងសង្គម អាមេរិកជាបន្តបន្ទាប់ ។
នាពេលបច្ចុប្បន្ននេះ ពូជសាសន៍និយម នៅតែរាតត្បាតយ៉ាងធ្ងន់ធ្ងរ នៅសហរដ្ឋអាមេរិកដដែល ដែលធ្វើឱ្យជនជាតិភាគតិចនៅអាមេរិកទទួលរង ការឈឺចាប់ដោយសារ “មិនអាចដកដង្ហើមបាន” ។ ពីរឿងរបស់លោក George Floyd ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក ដែលត្រូវប៉ូលិសអាមេរិក ស្បែកស យកជង្គង់សង្កត់ក រហូតដល់ស្លាប់កាលពីឆ្នាំមុន រហូតដល់នៅក្រុង Atlanta បានកើតឡើងករណីបាញ់ប្រហារ ជាបន្តបន្ទាប់នៅឆ្នាំនេះ ដែលបណ្តាលឱ្យស្ត្រី ដើមកំណើតអាស៊ីចំនួន ៦នាក់ បានស្លាប់ ពីការរើសអើងពូជសាសន៍ ដែលបានបណ្តែតបណ្តោយ ទៅជាទម្លាប់ក្នុងប្រព័ន្ធអនុវត្តច្បាប់ រហូតដល់ការប្រកាន់ពូជសាស៍ ក្នុងវិស័យឱកាសការងារ និងជីវភាពរស់នៅ របស់ប្រជាជននៃអាមេរិក “ជំងឺពូជសាសន៍” របស់អាមេរិកបានចាក់ឬស យ៉ាងមាំក្នុងផ្នត់គំនិត របស់មនុស្សយូរហើយ ។
យោងតាមការស្ទង់ប្រជាមតិមួយច្បាប់ ដែលធ្វើដោយមជ្ឈមណ្ឌល សិក្សាស្រាវជ្រាវ Pew អាមេរិកនៅចុងខែតុលា ឆ្នាំនេះ បានបង្ហាញឱ្យឃើញថា ជនជាតិអាមេរិកចំនួន ៧៤ ភាគរយសម្គាល់ឃើញថា ការរើសអើងពូជសាសន៍ គឺជាបញ្ហាធ្ងន់ធ្ងរក្នុងសង្គមអាមេរិក ។ សូម្បីតែមេដឹកនាំអាមេរិក ក៏បានទទួលស្គាល់ដែរថា ការរើសអើងពូជសាសន៍ ជាប្រព័ន្ធគឺជា”ស្នាមប្រឡាក់លើព្រលឹង”របស់អាមេរិក ។
សហរដ្ឋអាមេរិកសព្វថ្ងៃនេះ ដោយសារទស្សនៈ ស្តីពីការតម្កល់ទុកផលប្រយោជន៍ របស់ជនជាតិស្បែកស ជាចម្បងបានដក់ក្នុងផ្នត់គំនិត របស់មនុស្សជាយូរណាស់ ហើយ ថែមទាំងការមិនបំពេញ ភារកិច្ចរហូតដល់ ការបណ្តែតបណ្តោយ ញុះញង់ យ៉ាងគឃ្លើន របស់អ្នកនយោបាយមួយចំនួន ដូច្នេះ ពូជសាសន៍និយមបានស្ថិតនៅ ក្នុងសង្គមអាមេរិកជាសកល ជាប្រព័ន្ធនិងជានិរន្តរភាព ។
ប្រការនេះបានបណ្តាលឱ្យ សិទ្ធិមនុស្សរបស់ជនជាតិភាគតិច អាមេរិក ត្រូវបានរំលោភបំពាន លើគ្រប់វិស័យ ដូចជា ការបែងចែកទ្រព្យសម្បត្តិ សុខភាព ឱកាសការងារ ការអប់រំនិងការចូលរួមកិច្ចការនយោបាយជាដើម ហើយធ្វើឱ្យ “ស្នាមប្រឡាក់លើព្រលឹង” របស់អាមេរិកមានសភាពកាន់តែធ្ងន់ធ្ងរ ជាបន្តបន្ទាប់ ។
ប្រជាធិបតេយ្យ ជាគុណតម្លៃ រួមរបស់មនុស្សជាតិ ទាំងមូល តែមិនអាចសម្រេចដោយប្រទេសណាមួយបានទេ ។
សហរដ្ឋអាមេរិក ដែលបាននិងកំពុងស្ថិត ក្នុងភាពជាប់គាំងផែ្នកប្រជាធិបតេយ្យ មិនអាចក្លាយជា “ចៅក្រមប្រជាធិបតេយ្យ” ឬក៏មិនអាចក្លាយជា “គំរូ” នៃប្រជាធិបតេយ្យសកលផងដែរ ។ អ្វីដែលហៅថា កិច្ចប្រជុំកំពូលស្តីពី ប្រជាធិបតេយ្យពិត ជានឹងទទួលបរាជ័យ តាំងពីដើមមកជាក់ជាមិនខាន ៕