តេអេរ៉ង់៖ ប្រធានអ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់ Ali Bagheri Kani បានលើកឡើងថា គណៈប្រតិភូនៃភាគី ដែលចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរ នឹងត្រឡប់ទៅរដ្ឋធានី របស់ពួកគេវិញសម្រាប់ការពិគ្រោះយោបល់ ហើយកិច្ចពិភាក្សា នឹងបន្តនៅទីក្រុងវីយែន នៅសប្តាហ៍ក្រោយ។
ក្នុងអំឡុងពេលកិច្ចប្រជុំ នៃគណៈកម្មការចម្រុះផែនការសកម្មភាពទូលំទូលាយ (JCPOA) កាលពីថ្ងៃសុក្រ ការពិនិត្យឡើងវិញនៃកិច្ចពិភាក្សា កាលពីប៉ុន្មានថ្ងៃមុន នៅទីក្រុងវីយែន ត្រូវបានបង្ហាញដោយភាគីនានា លោក Bagheri Kani ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន IRNA ។
លោកបានលើកឡើងថា ភាគីនានាត្រូវការ ការពិគ្រោះជាមួយរដ្ឋាភិបាលរបស់ពួកគេ អំពីសំណើរបស់អ៊ីរ៉ង់ ដើម្បីផ្តល់នូវ “ការឆ្លើយតបសមហេតុផល និងឯកសារផ្សេងទៀត” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា សេចក្តីព្រាងអត្ថបទចំនួនពីរ ដែលមានសំណើរបស់អ៊ីរ៉ង់ ស្តីពីការដកទណ្ឌកម្ម និងការរឹតបន្តឹងនុយក្លេអ៊ែរ ត្រូវបានបង្ហាញដល់ភាគីនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ។
នៅក្នុងនោះដែរលោក Bagheri Kani បានសម្តែងក្តីសង្ឃឹមថា ភាគីនៃផែនការ សកម្មភាពរួម JCPOA នឹងឈានដល់ការសន្និដ្ឋានរបស់ពួកគេ “ក្នុងរយៈពេលដ៏ខ្លីបំផុត ដែលអាចធ្វើទៅបាន” ។
អ៊ីរ៉ង់ និងភាគីដែលនៅសេសសល់ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដោយនៅតែជាប់ពាក់ព័ន្ធដោយប្រយោល របស់សហរដ្ឋអាមេរិក បានបន្តកិច្ចពិភាក្សាកាលពីថ្ងៃចន្ទ បន្ទាប់ពីបានផ្អាក អស់រយៈពេលជិត ៦ខែនៅក្នុងរដ្ឋធានីវីយែនរបស់អូទ្រីស ដោយស្វែងរកការដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ និងធ្វើឱ្យកិច្ចព្រមព្រៀងឡើងវិញ៕