ព័ត៌មានអន្តរជាតិ

អាមេរិក និងរុស្ស៊ី វិវត្តឆ្ពោះទៅរកការ ដោះស្រាយជម្លោះការទូត

បរទេស ៖ មន្ត្រីនាំពាក្យក្រសួង ការបរទេសអាមេរិក មួយរូប បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី បានធ្វើឲ្យមានការវិវត្ត ទៅមុខឆ្ពោះទៅរកការ ដោះស្រាយជម្លោះ ជុំវិញរឿងបុគ្គលិកការទូត នៅស្ថានទូតរៀងខ្លួន ជាលទ្ធផលទីក្រុងវ៉ាស៊ីនតោន បញ្ចប់គោលនយោបាយ ដែលអនុញ្ញាតឲ្យបុគ្គលិកស្ថានទូត នៅទីក្រុងមូស្គូ ចាកចេញពីប្រទេសរុស្ស៊ី ។

ដំណើរវិវត្តន៍រីកចម្រើនទៅមុខ ដែលរាយការណ៍ដំបូងដោយកាសែត Washington Post នេះ គឺ ត្រូវបានធ្វើឡើង នៅក្នុងអំឡុងជំនួបមួយ របស់គណៈប្រតិភូអាមេរិក ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស អាមេរិក សម្រាប់កិច្ចការអឺរ៉ុប និងអឺរ៉ាស៊ី លោក Christopher Robinson ជាមួយមន្ត្រីរុស្ស៊ីនៅក្នុងទីក្រុងវីយែន ។

គួរបញ្ជាក់ថា គោលនយោបាយ ដែលគេស្គាល់ថា ការចាកចេញត្រូវបានអនុញ្ញាតនោះ គឺត្រូវបានអនុវត្តដោយស្ថានទូត អាមេរិកប្រចាំនៅក្នុងទីក្រុងមូស្គូ នៅក្នុងខែសីហា ដើម្បីអនុញ្ញាត ឲ្យសមាជិកគ្រួសារមន្ត្រីការទូត ចាកចេញពីប្រទេសរុស្ស៊ី ដោយស្ម័គ្រចិត្ត ស្របពេលជម្លោះការទូតរវាងប្រទេសទាំងពីរ ជុំវិញរយៈពេលមន្ត្រីការទូត អាចប្រចាំការ នៅក្នុងបេសកកម្មទ្វេភាគីរបស់ពួកគេ ។

ក្រោយជំនួបនៅក្នុងទីក្រុងវីយែន ការចាកចេញត្រូវបាន អនុញ្ញាតនោះ គឺត្រូវបានបញ្ចប់ នេះបើតាមសម្តីមន្ត្រីនាំពាក្យ ក្រសួងការបរទេសអាមេរិក និយាយនៅថ្ងៃសុក្រសប្ដាហ៍នេះ និងបានបន្ថែមថា “ទាំងនេះជាបញ្ហាកំពុងកើតមាន ដែលយើងបន្ត ចូលរួម យើងបានធ្វើឲ្យមានការ វិវត្តទៅមុខក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ស្តីពីបញ្ហាទ្វេភាគី និងសង្ឃឹមថា នឹង បន្តដើរនៅក្នុងទិសដៅ នោះទៀត” ៕ ប្រែសម្រួល៖ប៉ាង កុង

To Top