បរទេស ៖ រដ្ឋមន្ត្រីការបរទេសន័រវែស លោកស្រី Anniken Huitfeldt បាននិយាយថា គណបក្សការងារ របស់ប្រទេសន័រវែស ដែលបានឡើង កាន់អំណាចកាលពីដើមឆ្នាំនេះ បន្ទាប់ពីការគ្រប់គ្រង បែបអភិរក្សជិតមួយទសវត្សរ៍ ចង់ឱ្យយន្តហោះ និង នាវាមកពីប្រទេសសម្ព័ន្ធមិត្ត រក្សាចម្ងាយខ្លះពីតំបន់ព្រំដែនក្បែរប្រទេសរុស្ស៊ី នៅភាគខាងជើង ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោកស្រី Anniken Huitfeldt បានប្រាប់កាសែត Verdens Gang ថា «វាមានសារៈសំខាន់សម្រាប់ប្រទេសន័រវេស ក្នុងការមានវត្តមានយោធា នៅក្នុងតំបន់ជុំវិញភ្លាមៗ របស់យើង។ ប៉ុន្តែនៅជិតព្រំដែនរុស្ស៊ី យើងជឿថា យើងធ្វើវាបានល្អបំផុតដោយខ្លួនឯង ជាមួយនឹងយន្តហោះ និងនាវាចម្បាំងន័រវេស ។ វាជាមូលដ្ឋានគ្រឹះសម្រាប់ពួកយើង»។

នៅពេលសួរដោយផ្ទាល់ថា តើរដ្ឋាភិបាលចង់ រក្សាកប៉ាល់ និងយន្តហោះ របស់អាមេរិក និងអង់គ្លេស នៅចម្ងាយឆ្ងាយពីរុស្ស៊ី ឬអត់នោះ , លោកស្រី Huitfeldt បាននិយាយថា លោកស្រីស្វែងរកការសន្ទនា ជាមួយប្រទេសទាំងពីរអំពីរឿងនេះ ដើម្បីការពារផលប្រយោជន៍ របស់ប្រទេសន័រវេស៕
ប្រែសម្រួលៈ ណៃ តុលា
