បរទេស ៖ មន្ត្រីនាំពាក្យក្រសួង ការបរទេសបារាំង មួយរូប បាននិយាយក្នុងពេលថ្មីៗ នេះថា ប្រទេស បារាំង បានធ្វើបេសកកម្មជម្លៀសមួយ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ដោយបញ្ជូនជនជាតិ អាហ្វហ្គានីស្ថាន ២៥៨នាក់ ជនជាតិបារាំង ១១នាក់ ជនជាតិហូឡង់ ប្រមាណ៦០នាក់ និងមនុស្ស ជាប់ពាក់ព័ន្ធនឹង ពួកគេមួយចំនួន ចេញពីប្រទេស អាហ្វហ្គានីស្ថាន។
យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ALJAZEERA នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែង ការណ៍មួយ របស់ក្រសួងការបរទេសបារាំង បាន និយាយថា ប្រតិបត្តិការជម្លៀសនោះ គឺត្រូវបានរៀបចំឡើង ដោយមានការជួយពីប្រទេសកាតា ។
ជនដែលត្រូវជម្លៀសទាំងនោះ រួមមានទាំងជនជាតិ អាហ្វហ្គានីស្ថាន ដែលប្រឈមមុខ នឹងហានិភ័យ ដូចជាអ្នកសារព័ត៌មាន និងមនុស្សដែលមានជាប់ទាក់ទង នឹងប្រទេសបារាំង ដោយរាប់បញ្ចូលទាំងបុគ្គលិក ស៊ីវិល ដែលកងទ័ពបារាំងបានជួល។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១០ ខែកញ្ញាមក យ៉ាងតិចជនជាតិបារាំងចំនួន១១០នាក់ និងជនជាតិអាហ្វហ្គានីស្ថាន ចំនួន៣៩៦នាក់ ត្រូវបានជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន តាមជើងយន្តហោះចំនួន១០ ដែលរៀបចំដោយមានការ ជួយពីប្រទេសកាតា៕
ប្រែសម្រួល៖ប៉ាង កុង