ព័ត៌មានអន្តរជាតិ

យន្តហោះវាយប្រហារ ដែនអាកាស ទម្លាក់គ្រាប់ លើរថយន្តយោធា របស់ក្រុមឧទ្ទាមហួធី នៅយេមែន បណ្តាលឲ្យស្លាប់ អស់១៦នាក់

អាដែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ថា មនុស្សសរុបចំនួន១៦នាក់ ត្រូវបានសម្លាប់នៅក្នុងលទ្ធផល នៃការទម្លាក់គ្រាប់បែក ពីលើអាកាសប្រឆាំង នឹងរថយន្តយោធារបស់ក្រុមហួធី នៅក្នុងខេត្ត Taiz ភាគនិរតីនៃប្រទេសយេមែន ។ នេះបើតាមមន្ត្រីយោធា បានប្រាប់ដល់ស៊ិនហួ នៅថ្ងៃសៅរ៍នេះ ។

ប្រភពយោធាក្នុងតំបន់បានឲ្យដឹង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “ការវាយប្រហារតាមអាកាសមួយ ត្រូវបានចាប់ផ្តើមកាលពីយប់ថ្ងៃសុក្រ ហើយបានវាយប្រហារលើក្បួន រថយន្តរបស់កងជីវពលឧទ្ទាម ហួធី នៅក្នុងស្រុក Maqbanah ក្នុងទីក្រុង Taiz បណ្តាលឱ្យមានការផ្ទុះដ៏ធំមួយ” ។

លោកបានឲ្យដឹងទៀតថា ការវាយប្រហារតាមអាកាស បានវាយប្រហារលើក្បួនរថយន្តយោធា ហួធី នៅពេលដែលរថយន្ត កំពុងឆ្លងកាត់តំបន់មួយ ដែលកាន់កាប់ដោយក្រុមជនស៊ីវិល ។

ប្រភពបានបញ្ជាក់ថា ការទម្លាក់គ្រាប់បែកតាមអាកាស ដែលបានបំផ្លាញមួយ ផ្នែកនៃក្បួន រថយន្តនោះ បានសម្លាប់មនុស្ស ១៦នាក់ ក្នុងនោះមានជនស៊ីវិល៥នាក់ និងរបួសប្រហែល៨នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top