បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់សហភាពអារ៉ាប់រួម ព្រះអង្គម្ចាស់ Tahnoon bin Zayed Al Nahyan នឹងធ្វើទស្សនកិច្ចប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទ ដើម្បីពិភាក្សាគ្នាអំពីការពង្រីកចំណងមិត្តភាពទ្វេភាគី ជាមួយសាធារណរដ្ឋឥស្លាម នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់នៅថ្ងៃអាទិត្យនេះ។
ប៉ុន្តែនៅពេលភ្លាមៗនេះ នៅមិនទាន់មានការអត្ថាធិប្បាយពីក្រសួងការបរទេស សហភាពអារ៉ាប់រួម ស្តីពីដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Tahnoon នោះនៅឡើយនោះទេ។
កាសែតអ៊ីរ៉ង់ Nournews បាននិយាយយ៉ាងដូច្នេះថា “ទ្រង់នឹងជួបជាមួយលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Ali Shamkhani និងមន្ត្រីអ៊ីរ៉ង់ដទៃផ្សេងទៀត”។
ដំណើរយាងទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Tahnoon bin Zayed Al Nahyan នេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចពិភាក្សាគ្នាដោយប្រយោល រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់ ស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ សហភាពអារ៉ាប់រួម បានចាប់ផ្តើមទាក់ទងជាមួយអ៊ីរ៉ង់ ក្រោយមានការវាយប្រហារនាវាដឹកទំនិញនៅក្បែរដែនទឹកតំបន់ឈូងសមុទ្រ និងការវាយប្រហារទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពលអារ៉ាប៊ីសាអូឌីត ហើយអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមកិច្ចពិភាក្សាគ្នាដោយត្រង់ជាមួយអ៊ីរ៉ង់ នៅក្នុងខែមេសា៕
ប្រែសម្រួល៖ប៉ាង កុង