ព័ត៌មានអន្តរជាតិ

កងសន្តិសុខឥណ្ឌា សម្លាប់ជនស៊ីវិល អស់តិចបំផុត១៣នាក់ នៅក្នុងពេលវាយឆ្មក់ នៅជិតព្រំដែនមីយ៉ាន់ម៉ា

ញ៉ូដេលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នំា២០២១ថាក្រុមមន្ត្រីបានឲ្យដឹងថា កងកម្លាំងសន្តិសុខឥណ្ឌា បានសម្លាប់ជនស៊ីវិល យ៉ាងហោចណាស់១៣នាក់ នៅក្នុងការវាយឆ្មក់ នៅជិតព្រំដែនប្រទេសមីយ៉ាន់ម៉ា ។

ការល្បាតរបស់កងទ័ព បានបាញ់ខុសចំលើកម្មកររ៉ែ ដែលធ្វើដំណើរមកផ្ទះវិញ ក្រោយពីធ្វើការ ដោយបានសម្លាប់មនុស្ស៦នាក់។ ជនស៊ីវិល៧នាក់ទៀត និងទាហានឥណ្ឌាម្នាក់បានស្លាប់ នៅគ្រាដែលអ្នកស្រុក មានការខឹងសម្បា ប្រឈមមុខនឹងកងទ័ព ។

លោក Amit Shah រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា លោកមានការឈឺចាប់ ហើយប្តេជ្ញាថា នឹងស៊ើបអង្កេតករណីនេះ ។

គួរបញ្ជាក់ថា កងទ័ពបានប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធបំបែកខ្លួននៅរដ្ឋ Nagaland ភាគឦសានអស់រយៈពេលជាច្រើនឆ្នាំ ។

ប៉ុន្តែការបាញ់ប្រហារនេះ មិនមែនជាលើកទីមួយនោះទេ ដែលកងកម្លាំងសន្តិសុខឥណ្ឌា ត្រូវបានគេចោទប្រកាន់ថា បានវាយប្រហារខុសគោលដៅលើអ្នកស្រុកស្លូតត្រង់ នៅក្នុងប្រតិបត្តិការរបស់ពួកគេនោះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top