ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើទស្សនកិច្ចឥណ្ឌូនេស៊ី​ និងម៉ាឡេស៊ី

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ចប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី នៅសប្ដាហ៍ក្រោយ ស្របពេលដែលរដ្ឋបាលលោក បៃដិន បង្កើនសកម្មភាពចូលរួមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាសហគមន៍មួយដែលអាមេរិកមើលឃើញថា ជាចំណុចកណ្ដាលចំពោះកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ទល់នឹងឥទ្ធិពលកំណើនឡើងរបស់ចិន។


លោក I Gede Ngurah Swajaya ជាអគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិកនិងអឺរ៉ុបរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទថា លោក Antony Blinken នឹងធ្វើទស្សនកិច្ចទីក្រុងហ្សាកាតា នៅថ្ងៃទី១៣ដល់ថ្ងៃទី១៤ ខែធ្នូ ហើយលោកជាមន្ត្រីអាមេរិកទី៣និមានឋានៈខ្ពស់បំផុតរបស់អាមេរិក ដែលធ្វើទស្សនកិច្ចតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេល២ខែមកនេះ។


តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Astroawani នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រភពការទូតអាស៊ីអាគ្នេយ៍ចំនួន២ ដែលស្នើសុំមិនបញ្ចេញឈ្មោះ បាននិយាយថា លោក Blinken ក៏ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចម៉ាឡេស៊ី នៅថ្ងៃទី១៤និងទី១៥ ក្នុងដំណើរទស្សនកិច្ចដំបូងរបស់លោកនៅក្នុងតំបន់។
លោក លោក I Gede Ngurah Swajaya បាននិយាយថា នៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចប្រទេសឥណ្ឌូនេស៊ី លោក Blinken នឹងថ្លែងសុន្ទរកថាមួយស្តីពីសុខាភិបាល ការវិនិយោគនិងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយលោកក៏នឹងចូលរួមក្នុងវេទិកាលទិ្ធប្រជាធិបតេយ្យបាលី នៅថ្ងៃទី០៩ ខែធ្នូផងដែរ៕

ប្រែសម្រួល៖ប៉ាង កុង

To Top