ព័ត៌មានអន្តរជាតិ

រុស្ស៊ីបញ្ជូនរថក្រោះថ្មី ទៅមូលដ្ឋាន នៅតាហ្ស៊ីគីស្ថាន និងហាត់សម ជាមួយប្រព័ន្ធ ការពារមីស៊ីល

បរទេស ៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងតែពង្រឹងមូលដ្ឋាន យោធាខ្លួន នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន ជាមួយរថក្រោះថ្មី ៣០គ្រឿង និងថា កងកម្លាំងរបស់ខ្លួននៅមូលដ្ឋាននោះ បានធ្វើសមយុទ្ធហាត់ សមជាមួយប្រព័ន្ធការពារ មីស៊ីល ។

ភាពអាចទៅរួចដែលសកម្មប្រយុទ្ធឥស្លាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជ្រាតចូលក្នុងប្រទេស តាហ្ស៊ីគីស្ថាន និងអតីតសាធារណរដ្ឋសូវៀតដទៃ នៅក្នុងតំបន់អាស៊ីកណ្ដាលនោះ គឺជារឿងដ៏ គួរឲ្យព្រួយបារម្ភមួយសម្រាប់ទីក្រុងមូស្គូ ដែលចាត់ទុកតំបន់នោះថាជាតំបន់ការពារ នៅភាគខាងត្បូងរបស់ខ្លួន ។

តាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងរុស្ស៊ី នៅថ្ងៃចន្ទនេះ ហាត់សមបណ្ដេញការវាយប្រហារ តាមអាកាសរបស់សត្រូវ ទៅលើមូលដ្ឋានយោធា ដោយប្រើប្រាស់ប្រព័ន្ធការពារ S-300PS ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានប្រារព្ធធ្វើសហសមយុទ្ធយោធាទ្រង់ទ្រាយធំ ជាមួយសម្ពន្ធមិត្តខ្លួន នៅជិតព្រំដែនតាហ្ស៊ីគីស្ថាននិងអាហ្វហ្គានីស្ថាន នៅក្នុងខែតុលា ក្រោយសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត បានដកកងទ័ពខ្លួនចេញ ពីប្រទេសអាហ្វហ្គានីស្ថាន ហើយពួកតាលីបង់បានឡើង កាន់កាប់អំណាច នៅអាហ្វហ្គានីស្ថាន ៕ ប្រែសម្រួល៖ប៉ាង កុង

To Top