ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន សរសើរក្រុមយោធា ខណៈភាពតានតឹង ជាមួយនឹងរុស្សី បន្តកើនឡើង

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើសេចក្តីថ្លែងការណ៍មួយ ដែលមានន័យសរសើរខ្លាំងៗ ទៅលើក្រុមកងកម្លាំងយោធា របស់ប្រទេស ហើយបញ្ជាក់ថា កម្លាំងបច្ចុប្បន្ន គឺសាកសមនិងគ្រប់គ្រាន់ ដើម្បីការពារប្រទេស ពីការប៉ុនប៉ងទាំងឡាយ ដោយរុស្សី ខណៈភាពតានតឹង កំពុងបន្តកើនឡើង តាមបណ្តោយព្រំដែន។

គួរឲ្យដឹងដែរថាកន្លងមក ទាំងមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន និងលោកខាងលិច បានបង្ហាញអំពីការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះការកើនឡើង នៃចំនួនកងទ័ព របស់រុស្សី នៅក្បែរទៅនឹងព្រំដែន ជាមួយនឹងអ៊ុយក្រែន ហើយបានធ្វើការចោទប្រកាន់ថា រុស្សីកំពុងតែត្រៀមផែនការ ដើម្បីលុកលុយ នាពេលខាងមុខទៀតផង។

លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងបែបនេះថាកងកម្លាំង របស់អ៊ុយក្រែន មានថាមពលនិងសំភារៈគ្រប់គ្រាន់ព្រមទាំងត្រៀមខ្លួនរួចជាស្រេច ក្នុងការការពារជាតិ និងទឹកដី។

គួរឲ្យដឹងដែរថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការប៉ះទង្គិចគ្នា សាជាថ្មីបានធ្វើឡើង ដោយក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយរុស្សី ជាមួយនឹងរដ្ឋាភិបាលអ៊ុយក្រែន នៅក្នុងតំបន់ភាគខាងកើត៕

ប្រែសម្រួល៖ស៊ុនលី

To Top