បរទេស៖ ប្រទេសរុស្ស៊ីនិងប្រទេសឥណ្ឌា តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជំនួញនិងអាវុធ នៅក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅទីក្រុងញូដេលី សម្រាប់កិច្ចពិភាក្សាគ្នា ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី នៅថ្ងៃចន្ទ។

លោក ពូទីន បានធ្វើដំណើរទៅកាន់ ប្រទេសឥណ្ឌា ជាមួយរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ី នៅក្នុងដំណើរទស្សនកិច្ចមួយ ដែលឃើញប្រទេសទាំងពីរ ធ្វើការពង្រឹងបន្ថែមនូវ ចំណងមិត្តភាពរបស់ខ្លួន តាមរយៈកិច្ចព្រមព្រៀងយោធា និងសហប្រតិបត្តិការបច្ចេកទេស រហូតដល់ឆ្នាំ២០៣១ និងប្តេជ្ញាជំរុញបង្កើនជំនួញប្រចាំឆ្នាំ ឲ្យដល់៣០ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥។

ប្រធានាធិបតីរុស្ស៊ី ធ្វើទស្សនកិច្ចប្រទេសឥណ្ឌា ស្របពេលដែលចំណងមិត្តភាព តានតឹងខ្លាំងឡើង រវាងប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក ក៏ជាសម្ពន្ធមិត្តដ៏ចម្បងរបស់ឥណ្ឌា ដែលធ្លាប់បានបង្ហាញមន្ទិលសង្ស័យ ស្តីពីសហប្រតិបត្តិការយោធា កើនឡើង រវាងទីក្រុងមូស្គូនិងទីក្រុងញូដេលី។

សេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលចេញក្រោយកិច្ចពិភាក្សាគ្នា បាននិយាយថា ប្រទេសរុស្ស៊ីនិងប្រទេសឥណ្ឌា បានបង្ហាញជាថ្មី នូវបំណងពង្រឹង សហប្រតិបត្តិការការពារជាតិ ដោយរួមបញ្ចូល ទាំងក្នុងការអភិវឌ្ឍរួមគ្នា លើការផលិតសម្ភារៈយោធាផ្សេងៗ៕
ប្រែសម្រួល៖ប៉ាង កុង
