ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី កូរ៉េខាងជើង អំពាវនាវឱ្យយោធា មានភាពស្មោះត្រង់ ពិតប្រាកដ ជាមួយគណបក្ស

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រព័ន្ធអប់រំយោធា របស់ប្រទេសត្រូវតែបង្កើន កិច្ចខិតខំប្រឹងប្រែង ឡើងវិញ ដើម្បីបង្ហាញថា មន្រ្តី “នៅតែស្មោះត្រង់” ចំពោះគណបក្សកាន់អំណាច របស់ប្រទេស។

យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានផ្សាយថា លោក គីម ជុងអ៊ុន បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទលើកទី៨ នៃអ្នកអប់រំយោធា របស់កងទ័ពប្រជាជនកូរ៉េ ដែលបានធ្វើឡើងនៅក្នុងទីក្រុងព្យុងយ៉ាងកាលពីចុងសប្តាហ៍។

លោកបានបញ្ជាក់អំពី ភាពចាំបាច់ ក្នុងការរៀបចំអ្នកអប់រំ យោធាទាំងអស់ ឱ្យក្លាយជាទាហានពិតប្រាកដ ស្មោះត្រង់នឹងគំនិត និងការដឹកនាំរបស់បក្ស និងរៀបចំ និងផ្តល់ការអប់រំយោធា ដឹកនាំយ៉ាងម៉ឺងម៉ាត់តាមគំនិត គោលនយោបាយ និងវិធីដើម្បី លើកយកកម្មាភិបាលទាំងអស់ ឲ្យក្លាយជាមេបញ្ជាការ ដែលនៅតែស្មោះត្រង់ ចំពោះគណៈកម្មាធិការមជ្ឈិមបក្ស។ នេះបើតាម KCNA បានរាយការណ៍៕

ប្រែសម្រួលៈ ណៃ តុលា

To Top