បរទេស៖ ក្រុមហ៊ុនផលិតរថយន្ត ធំបំផុតរបស់ជប៉ុន ដែលមានឈ្មោះថា តូយ៉ូតា បានប្រកាសថានឹងបើកដំណើរការ រោងចក្រផលិតថ្ម រថយន្ត ដែលមានតម្លៃ ដល់ទៅរាប់ពាន់លានដុល្លារ នៅអាមេរិក ហើយអាចបង្កើតការងារ បានរហូតទៅដល់ ជាង១៧៥០កន្លែង។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងម្តងរួចមកហើយ កាលពីខែតុលាថា តូយ៉ូតា នឹងចំណាយប្រាក់វិនិយោគ ប្រមាណជា១,២៩ពាន់លានដុល្លារ ដើម្បីផលិតថ្មរថយន្ត ដែលដើរដោយថាមពលអគ្គិសនី និងរថយន្តកូនកាត់ ទាំងអស់របស់ខ្លួន ផងដែរ ហើយតាមផែនការរោងចក្រនេះ នឹងអាចដំណើរការលើកដំបូង នៅក្នុងឆ្នាំ២០២៥ ហើយបន្តពង្រីកផលិតកម្ម នៅក្នុងឆ្នាំ២០៣១។

រដ្ឋមន្ត្រីការបរទេសអាមេរិក និងមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋ North Carolina ដែលជាទីតាំង របស់រោងចក្រថ្មីនេះ បានបញ្ជាក់ថាទីតាំងអគារនេះ ក៏មានការសម្របសម្រួល ដោយកញ្ចប់ថវិកាជាតិ ប្រមាណជា៤៥៥លានដុល្លារផងដែរ ហើយទំហំរបស់វានឹង មានប្រមាណជា៧២៩ហិកតា។
ដើម្បីធានាដល់គម្រោងនេះ តូយ៉ូតា បានធ្វើការប្តេជ្ញាចិត្តយ៉ាងហោចណាស់ ប្រាក់វិនិយោគដំបូង១ពាន់លានដុល្លារ ហើយក្នុងរយៈពេល១០ឆ្នាំខាងមុខ ក្រុមហ៊ុនក៏ដាក់ផែនការ ពង្រីងរោងចក្រ ក្នុងទំហំ៣ពាន់លានដុល្លារ បន្ថែមទៀតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
