ព័ត៌មានអន្តរជាតិ

ប្រទេសកូរ៉េខាងត្បូង អាចនឹងសាកល្បងអាវុធល្បឿន លឿនជាងសំឡេង នៅឆ្នាំ២០២២

បរទេស៖ ក្រសួងការពារជាតិ កូរ៉េខាងត្បូង បានបង្ហាញគំរូអាវុធល្បឿន លឿនជាងសំឡេង បន្ទាប់ពីកូរ៉េខាងជើងបានសាកល្បង អាវុធផ្ទាល់ខ្លួន។ ប៉ុន្មានថ្ងៃមុននេះ ខណៈពេលដែលស្ថិតនៅ ប្រទេសកូរ៉េខាងត្បូង រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានរិះគន់ការសាកល្បង អាវុធល្បឿនលឿនរបស់ចិន ចំពោះការធ្វើឱ្យមានអស្ថិរភាព ក្នុងតំបន់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា គំរូសម្រាប់អាវុធដែលមានឈ្មោះថា Hycore ត្រូវបានបង្ហាញ កាលពីថ្ងៃសុក្រ ដោយទីភ្នាក់ងាររបស់ ក្រសួងការពារជាតិ សម្រាប់ការអភិវឌ្ឍន៍ ការពារជាតិ កូរ៉េខាងត្បូង (ADD) នេះបើយោងតាម Aviation Week ដែលបានរាយការណ៍ពីរឿងនេះជាលើកដំបូង។ រដ្ឋាភិបាលទីក្រុងសេអ៊ូល ត្រូវបានគេរាយការណ៍ថា មានគោលបំណងចាប់ផ្តើម សាកល្បងសព្វាវុធនេះ នៅឆ្នាំ ២០២២ ។

អាវុធដែលមានរូបរាង ស្រដៀងទៅនឹងយានពិសោធន៍ ល្បឿនលឿន X-51 Waverider របស់ Boeing គឺជាមីស៊ីលដែលបាញ់ចេញពីលើដី ចេញពី TEL ដែលស្រដៀងទៅនឹង អាវុធបាញ់រយៈចម្ងាយ ឆ្ងាយ Hypersonic Weapon (LRHW) របស់កងទ័ពអាមេរិក។ ទោះយ៉ាងណាក៏ដោយ សក្តានុពលរយៈចម្ងាយ របស់អាវុធមិនត្រូវបានបញ្ជាក់ទេ។

សូមជម្រាបថា សព្វាវុធដែលមានល្បឿន លឿនជាងសំឡេង គឺមានសមត្ថភាពហោះលឿនជាង Mach 5 ឬ ៥ដងនៃល្បឿនសំឡេង ហើយមានសមត្ថភាព ដែលស្ទើរតែប្រព័ន្ធការពារដែនអាកាសភាគច្រើនមិនអាចចាប់បាន។ អាវុធដែលមានល្បឿនលឿនជាងសំឡេង អាចត្រូវបានបាញ់ចេញពីផ្ទៃទឹក ពីនាវាមុជទឹក ឬដោយយន្តហោះ ហើយជារឿយៗបាញ់បានរយៈចម្ងាយឆ្ងាយបំផុត៕

ប្រែសម្រួលៈ ណៃ តុលា

To Top