ព័ត៌មានអន្តរជាតិ

លោក Biden ព្រមានលោក Putin ជាមួយនឹងវិធានការខ្លាំងក្លា ពេលពិភាក្សាតាមប្រព័ន្ធវីដេអូ ចំពេលមានការភ័យខ្លាចចំពោះការលុកលុយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន

បរទេស៖ សហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងរៀបចំ “វិធានការសេដ្ឋកិច្ចរឹងមាំ និងវិធានការផ្សេងទៀត” ជុំវិញការភ័យខ្លាចនៃការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន បន្ទាប់ពីលោក Joe Biden និងលោក Vladimir Putin បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងការកិច្ចពិភាក្សាតាមប្រពន្ធវីដេអូ ប្រធានាធិបតីអាមេរិក លោក Biden បានសម្តែងការព្រួយបារម្ភចំពោះការបង្កើតកងទ័ពរុស្ស៊ី នៅជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែន និងបានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនេះ។ ចំណែកប្រទេសរុស្ស៊ីវិញបាននិយាយថា ខ្លួននឹងមិនវាយប្រហារទេ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចោទប្រទេសអ៊ុយក្រែនពីការបង្កហេតុ ហើយបានស្វែងរកការធានាប្រឆាំងនឹងការពង្រីក និងពង្រាយអាវុធរបស់ណាតូ នៅភាគខាងកើតនៅជិតប្រទេសរុស្ស៊ី។

ទាហានរុស្ស៊ីជាង ៩០ ០០០នាក់ ត្រូវបានគេជឿថាបានប្រមូលផ្តុំនៅជិតព្រំដែនអ៊ុយក្រែន។ ចលនានេះបានធ្វើឱ្យទំនាក់ទំនងតានតឹងរួចទៅហើយរវាងរុស្ស៊ី និងអាមេរិក៕

ប្រែសម្រួលៈ ណៃ តុលា

To Top