ព័ត៌មានអន្តរជាតិ

លោក Olaf Scholz ឡើងជាអធិការបតីថ្មីអាល្លឺម៉ង់ បន្ទាប់ពីរជ្ជកាលគ្រប់គ្រង ដោយលោកស្រី Angela Merkel រយៈពេល១៦ឆ្នាំ

បរទេស៖ នៅក្នុងរជ្ជកាលដែលមានរយៈពេល ១៦ឆ្នាំរបស់លោកស្រី Angela Merkel ត្រូវបានបញ្ចប់ ដោយអធិការបតីថ្មី មកពីគណបក្សសង្គមប្រជាធិបតេយ្យ Olaf Scholz ចូលកាន់តំណែង។ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅក្នុងរដ្ឋាភិបាលថ្មី បំផុតរបស់លោកស្រី Merkel ត្រូវបានជ្រើសរើសជាផ្លូវការ ដោយសមាជិកសភាកាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អធិការបតីថ្មីរបស់អាល្លឺម៉ង់រូបនេះ បានទទួលសំឡេងគាំទ្រ ៣៩៥ សម្រាប់បេក្ខភាពរបស់គាត់។ លោក Scholz ត្រូវការការគាំទ្រពីសមាជិកសភាយ៉ាងតិច ៣៦៩ នាក់ ដែលជាភាគច្រើនដាច់ខាត ក្នុងចំណោមសមាជិកសភា Bundestag ចំនួន ៧៣៦ រូប។ សម្ព័ន្ធរដ្ឋាភិបាលបីភាគី ដែលលោកដឹកនាំកាន់កាប់ចំនួន ៤១៦អាសនៈនៅក្នុងសភាជាន់ទាប នៃសភាអាល្លឺម៉ង់។

ការបោះឆ្នោតរបស់គាត់គឺជា ចំណុចរបត់ដ៏សំខាន់មួយ នៅក្នុងទិដ្ឋភាពនយោបាយ របស់ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីរយៈពេល ១៦ឆ្នាំនៃការគ្រប់គ្រងគ្មាន ការរំខានសម្រាប់ប្លុកនៃ គណបក្សអភិរក្សនិយមរបស់លោកស្រី Merkel ដែលត្រូវបានចូលរួមដោយ គណបក្សសង្គមប្រជាធិបតេយ្យ ឬគណបក្សប្រជាធិបតេយ្យសេរី ក្នុងអំឡុងពេល ៤អាណត្តិ របស់គាត់ជាអធិការបតី។

ក្រោយមក នៅថ្ងៃពុធ Scholz បានស្បថចូលកាន់តំណែងជា អធិការបតីរួមគ្នាជាមួយ គណៈរដ្ឋមន្ត្រីរបស់លោក បន្ទាប់ពីបានជួបជាមួយប្រធានាធិបតី លោក Frank-Walter Steinmeier ដែលបានប្រគល់ឯកសារតែងតាំងផ្លូវការ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top