បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ថា រដ្ឋបាលលោក បៃដិន កំពុងតែបន្តរឹតបន្តឹង ការអនុវត្តដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ដោយនឹងបញ្ជួន គណៈប្រតិភូជាន់ខ្ពស់ ទៅកាន់ប្រទេសសហភាពអារ៉ាប់រួម នៅក្នុងសប្ដាហ៍ក្រោយ។
គណៈប្រតិភូ ដែលនឹងរួមមានទាំង ប្រធានការិយាល័យគ្រប់គ្រង ទ្រព្យសម្បត្តិ បរទេស របស់ក្រសួងរតនាគារអាមេរិក លោក Andrea Gacki ផងនោះ នឹងព្រមានដល់ធនាគារ នៅប្រទេសសហភាព អារ៉ាប់រួម ដែលមានជំនួញ ជាមួយប្រទេសអ៊ីរ៉ង់ និងមិនអនុវត្តតាមទណ្ឌកម្ម។
មន្ត្រីនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក មួយរូប បាននិយាយថា សហរដ្ឋអាមេរិកមានភស្តុតាង នៃការមិនអនុវត្ត និងថា ធនាគារនៅក្នុងប្រទេស សហភាពអារ៉ាប់រួម នៅពេលក្រោយ អាចនឹងទទួលរងទណ្ឌកម្ម ឬក៏ត្រូវពិន័យជុំវិញ ការធ្វើជំនួញរបស់ពួកគេ។ ប៉ុន្តែនៅពេលភ្លាមៗនេះ អាជ្ញាធរ សហភាពអារ៉ាប់រួម មិនធ្វើការឆ្លើយតបនឹង សំណើសុំការអត្ថាធិប្បាយ នោះទេ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង ដែលប្រទេសអ៊ីរ៉ង់ បានយល់ព្រមនឹងមហាអំណាច ពិភពលោកថា ខ្លួននឹងបញ្ឈប់កម្មវិធី នុយក្លេអ៊ែ របស់ខ្លួន ជាថ្នូរនឹងការលើកលែង ទណ្ឌកម្មអន្តរជាតិ៕
ប្រែសម្រួល៖ប៉ាង កុង