ព័ត៌មានអន្តរជាតិ

ចិន ព្រមានសងសឹក បើអាមេរិក ហាមឃាត់ការនាំចូល ផលិតផលពីតំបន់ស៊ីនជាំង

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្ម (MOC) បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាតចំពោះផែនការ របស់សហរដ្ឋអាមេរិក ក្នុងការហាមឃាត់ការ នាំចូលផលិតផលពីតំបន់ស្វយ័តស៊ីនជាំង របស់ប្រទេសចិន ហើយនឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់ខ្លួន។

អ្នកនាំពាក្យរបស់ MOC លោក Gao Feng បានប្រាប់សន្និសីទសារព័ត៌មានថា ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការហាមឃាត់ការនាំចូល ផលិតផលពីតំបន់ស៊ីនជាំង តាមរយៈច្បាប់ក្នុងស្រុក ហើយក្នុងនាមសិទ្ធិមនុស្ស គឺជាទង្វើឯកតោភាគីនិយម ការការពារនិយម និងការគំរាមកំហែង។

លោក Gao បានលើកឡើងថា ការសម្រេចចិត្តរបស់ខ្លួន ដែលមិនគោរពការពិត ផ្ទុយទាំងស្រុងពីគោលការណ៍ របស់អង្គការពាណិជ្ជកម្មពិភពលោក ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាច្បាប់ពាណិជ្ជកម្មសេរី ហើយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផលប្រយោជន៍របស់សហគ្រាស និងអ្នកប្រើប្រាស់មកពីប្រទេសទាំងពីរ។

លោក Gao បានបន្ដថា ការដាក់ទណ្ឌកម្មនេះនឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ សិទ្ធិមនុស្សជាមូលដ្ឋាននៃ ក្រុមជនជាតិភាគតិចទាំងអស់ នៅក្នុងតំបន់ស៊ីនជាំង ដូចជាសិទ្ធិក្នុងការចិញ្ចឹមជីវិត និងការអភិវឌ្ឍន៍។

លោក Gao បានបន្ថែមថា ការព្រមានថាការសម្រេចចិត្តនេះ ក៏នឹងធ្វើឱ្យភាពតានតឹងលើ ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងប៉ះពាល់ដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកផងដែរ ៕

ដោយ ឈូក បូរ៉ា

To Top