ព័ត៌មានអន្តរជាតិ

ករណីផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់មនុស្សរហូតដល់ ៤៣នាក់

ហ្សាការត៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ថា ទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយជាតិ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារភ្នំភ្លើង Semeru ដែលជាភ្នំភ្លើងមួយនៅខេត្តជ្វានៃ ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់៤៣នាក់ ជាមួយគ្នានេះដែរ ពលរដ្ឋចំនួន ១០៤នាក់បានរងរបួស ។

លោក Abdul Muhari អ្នកនាំពាក្យរបស់ទីភ្នាក់ងារ ខាងលើបានលើកឡើងថា ការផ្ទុះឡើងនៃភ្នំភ្លើង កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានបញ្ឈប់ ខណៈដែលទីតាំងរុករក និងជួយសង្គ្រោះ ដែលផ្ទៃមេឃបានគ្របដណ្តប់ ដោយភាពងងឹត និងមានពពកក្រាស់ ដោយសារផេះនៃភ្នំភ្លើង ក្រាស់ដេរដាសពេញមេឃ ។

លោក Muhari បានលើកឡើងថា “ផ្អែកលើរបាយការណ៍ជាក់ស្តែង ផ្សែងយ៉ាងក្រាស់ ក៏បានប៉ើងចេញពីមាត់រណ្តៅខាងលើនៃភ្នំភ្លើង Semeru រហូតដល់១.០០០ម៉ែត្រ ឆ្ពោះទៅទិសខាងលិច នៅព្រឹកនេះ” ។

ពលរដ្ឋជាង៦.០០០នាក់នៅតែជម្លៀសខ្លួនចេញពីចំណុច ១២១កន្លែង ខណៈផ្ទះសម្បែងរបស់ពួកគេ ត្រូវបានគ្របដណ្តប់ ដោយផេះឬការតាំងលំនៅ របស់ពួកគេស្ថិតក្នុងតំបន់គ្រោះថ្នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top