ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ស្វាគមន៍ កិច្ចពិភាក្សាគ្នា រវាងលោក បៃដិន និងលោក ពូទីន ថាជាផ្លូវទប់ស្កាត់ និង បំបាត់ភាពតានតឹង

បរទេស ៖ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmytro Kuleba បាននិយាយប្រាប់សារព័ត៌មាន នៅថ្ងៃពុធនេះថា កិច្ចពិភាក្សាគ្នា រវាងប្រធានាធិបតី អាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើឲ្យមានការទប់ស្កាត់ និងការបំបាត់ភាពតានតឹង ។

ក្នុងប្រតិកម្មដំបូងធ្វើឡើង ដោយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូប ស្តីពីកិច្ចពិភាក្សាគ្នា កាលពីថ្ងៃអង្គារ រវាងលោក បៃដិន និងលោក ពូទីននោះលោក Dmytro Kuleba បានសម្តែងការស្វាគមន៍ ចំពោះកិច្ចប្រឹងប្រែង អាមេរិកក្នុងការនាំ ប្រទេសរុស្ស៊ី ទៅកាន់តុចរចាគ្នា ។

ប៉ុន្តែលោកបានបន្ថែមថា អាទិភាពគឺកំពុងតែបង្កើតឲ្យមានការទប់ស្កាត់ ដើម្បីរារាំងទីក្រុងមូស្គូ មិនឲ្យបង្កភាពតានតឹងយោធា ថែមទៀត នេះបើតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ។

គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែន និងបណ្ដាសម្ពន្ធមិត្តណាតូ នាពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភ អំពីសកម្មភាពយោធា របស់ប្រទេសរុស្ស៊ី នៅជិតព្រំដែន នៃប្រទេសអ៊ុយក្រែន ក្នុងឆ្នាំនេះ ដែលបង្កឲ្យមានក្តី ព្រួយបារម្ភថា ជម្លោះនៅតំបន់ភាគខាងកើតនៃប្រទេស អ៊ុយក្រែន អាចនឹងផ្ទុះឡើង ក្លាយជាសង្គ្រាម ដោយចំហ រវាងប្រទេស ជិតខាងទាំងពីរ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top