ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ សន្យាទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន ២៥.០០០នាក់

បរទេស៖ប្រទេសអាល្លឺម៉ង់ នាពេលថ្មីៗនេះ បានសន្យាថា នឹងអនុញ្ញាតឲ្យពលរដ្ឋអាហ្វហ្គានីស្ថាន២៥.០០០នាក់ ដែលគេចាត់ទុកថាប្រឈមមុខនឹងហានិភ័យខ្ពស់បំផុត ក្រោយពួកតាលីបង់កាន់កាប់ក្នុងទីក្រុងកាប៊ុល ពីចំនួនពលរដ្ឋអាហ្វហ្គានីស្ថានប្រហែល៤០.០០០នាក់ ដែលប្រទេសសមាជិកសហភាពអឺរ៉ុបនឹងទទួលយក។

នៅក្នុងលិខិតមួយដែលចុះថ្ងៃទី០៩ ខែធ្នូ និងត្រូវបានឃើញដោយកាសែតរ៉យទ័រនៅថ្ងៃសុក្រនេះ ប្រធានកិច្ចការផ្ទៃក្នុងសហភាពអឺរ៉ុប លោកស្រី Ylva Johansson បានអំពាវនាវឲ្យប្រទេសជាសមាជិក ធ្វើឲ្យបានល្អលើការសន្យាផ្តល់ទីស្នាក់នៅដល់ពួកគេទាំងអស់ នៅត្រឹមចុងឆ្នាំ២០២២។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រជាជននិងជនភៀសខ្លួនងាយរងគ្រោះ កំពុងតែទន្ទឹងរង់ចាំការធ្វើដំណើរចាកចេញរបស់ពួកគេ ដើម្បីចាប់ផ្តើមជីវិតថ្មីប្រកបដោយសុវត្ថិភាពនិងភាពថ្លៃថ្នូរ”។

គួរបញ្ជាក់ថា ក្រៅពីជនភៀសខ្លួនចំនួន២៥.០០០នាក់ ដែលអាល្លឺម៉ង់នឹងទទួលយកនោះ ប្រទេសហូឡង់បានយល់ព្រមទទួលយកជនជាតិអាហ្វហ្គានីស្ថានជាង៣.១០០នាក់ ហើយបារាំងនិងអេស្ប៉ាញនឹងទទួលយក២.៥០០នាក់ ក្រោយមនុស្ស២.០០០នាក់ នឹងធ្វើដំណើរឹទៅប្រទេសស៊ុយអែត៕ប្រែសម្រួល៖ប៉ាង កុង

To Top