ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិងអ៊ុយក្រែន រិះគន់គ្នាជុំវិញ ការផ្អាកការរជំរុញឲ្យមាន បទឈប់បាញ់គ្នា

បរទេស៖ប្រទេសអ៊ុយក្រែននិងរុស្ស៊ី បានធ្វើការរិះគន់ដាក់គ្នាទៅវិញទៅមក ក្រោយការជំរុញឲ្យមានកិច្ចព្រមព្រៀងលើបទឈប់បាញ់គ្នាថ្មី នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ត្រូវបានផ្អាកកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ស្របពេលដែលភាពតានតឹងជុំវិញការបង្កើនកងទ័ពរុស្ស៊ីនៅជិតប្រទេសអ៊ុយក្រែននៅតែបន្តមាន។

ប្រទេសអ៊ុយក្រែនបាននិយាយថា ទីក្រុងមូស្គូបានច្រានចោលសំណើរជាបន្តបន្ទាប់របស់ខ្លួន ដោយរួមទាំងការផ្លាស់ប្តូរអ្នកទោសគ្នា ការបើកប៉ុស្តិ៍ត្រួតពិនិត្យឡើងវិញ និងការពង្រីកមជ្ឈមណ្ឌលទំនាក់ទំនងចម្រុះ។ កងទ័ពអ៊ុយក្រែន បានធ្វើការប្រយុទ្ធនឹងកងកម្លាំងគាំទ្រដោយរុស្ស៊ី នៅក្នុងតំបន់ភាគខាងកើត ចាប់តាំងពីឆ្នាំ២០១៤មក។

សេចក្តីថ្លែងការណ៍មួយ ដែលចេញដោយគណៈប្រតិភូអ៊ុយក្រែនប្រចាំក្រុមទំនាក់ទំនងត្រីភាគី ហៅកាត់ថា TCG ដែលរួមមានទាំងប្រទេសរុស្ស៊ី និងអង្គការសន្តិសុខនិងសហប្រតិបត្តិការនៅតំបន់អឺរ៉ុបផងនោះ បាននិយាយដូច្នេះថា “ជាអកុសល គោលគំនិតទាំងអស់របស់ភាគីអ៊ុយក្រែន គឺត្រូវសហព័ន្ធរុស្ស៊ីច្រានចោល ក្រោមបរិបទប្រឌិត”។

ចំណែកប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅល្ងាចថ្ងៃព្រហស្បតិ៍ថា ទីក្រុងគៀវ នាពេលថ្មីៗនេះ បានប្រគល់ឲ្យនូវសំណើរមិនសមហេតុផលទាល់តែសោះ និងបានចោទប្រកាន់រុស្ស៊ី ពីបទធ្វើត្រាប់កិច្ចចរចា នៅក្នុងកិច្ចពិភាក្សាគ្នា៕ប្រែសម្រួល៖ប៉ាង កុង

To Top