ព័ត៌មានអន្តរជាតិ

អាមេរិក ថ្កោលទោសយោធាមីយ៉ានម៉ា ជុំវិញរបាយការណ៍ ទាហានសម្លាប់មនុស្ស១១នាក់

បរទេស៖ មន្ត្រីនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក មានការខឹងសម្បារ ដោយមានសេចក្តីរាយការណ៍មួយថា ទាហានមីយ៉ានម៉ា បានឡោមព័ទ្ធ និងសម្លាប់មនុស្សចំនួន១១នាក់ នៅក្នុងតំបន់ Sagaing ស្ថិតនៅភាគពាយព្យប្រទេស។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន The Straits Times បានឲ្យដឹងថា ទាហានមីយ៉ានម៉ា ត្រូវបានគេចោទថា បានបាញ់សម្លាប់មនុស្សទាំងនោះ ហើយបានដុតសាកសពពួកគេ ហើយសាកសពដែលភ្លើងរោលខ្មៅ ត្រូវបានគេរកឃើញនៅក្នុងភូមិមួយ។

ដោយប្រើឈ្មោះចាស់របស់ប្រទេស លោក Ned Price បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមានការខឹងសម្បារជាខ្លាំង ដោយមានសេចក្តីរាយការណ៍គួរទុកចិត្តបាននិងគួរឲ្យឈឺចាប់ថា យោធាភូមា បានចាប់ចងអ្នកភូមិចំនួន១១នាក់ រួមមានទាំងកូនក្មេងផង នៅក្នុងប្រទេសភូមាភាគពាយព្យ ហើយបានដុតពួកគេទាំងរស់”។

ក្រៅពីនោះ លោកក៏បានលើកឡើងជាថ្មី នូវសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ឲ្យយោធាបញ្ចប់ការប្រើប្រាស់អំពើហិង្សា និងដោះលែងមនុស្សដែលត្រូវឃុំខ្លួន ដោយអយុត្តិធម៌ ចាប់តាំងពីឧត្តមសេនីយ៍របស់មីយ៉ានម៉ា បានដណ្ដើមអំណាច នៅក្នុងរដ្ឋប្រហារនាថ្ងៃទី០១ ខែកុម្ភៈ៕

To Top