ព័ត៌មានអន្តរជាតិ

មហាអំណាចពិភពលោក តេស្តការប្តេជ្ញាអ៊ីរ៉ង់ ចំពោះកិច្ចពិភាក្សាគ្នា

បរទេស៖ មហាអំណាចពិភពលោក និងប្រទេសអ៊ីរ៉ង់ បានជាប់គាំងក្នុងកិច្ចពិភាក្សាគ្នា ស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ នាថ្ងៃសុក្រនេះ ដោយប្រភពអឺរ៉ុបមួយ និយាយថា ពួកគេកំពុងតែធ្វើការងារពីអត្ថបទ ដែលពិភាក្សាគ្នា កាលពី៥ខែមុន ស្របពេលដែលមន្ត្រីអ៊ីរ៉ង់ បាននិយាយថា ខ្លួនប្រកាន់ខ្ជាប់នឹងគោលជំហរ ដ៏មុតមាំពីសប្ដាហ៍មុន។

កិច្ចពិភាក្សាគ្នា ស្តីពីការស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែ បានបន្តនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសអ៊ីស្រាអែល ដែលមិនមែនជាភាគីនៃកិច្ចព្រមព្រៀងនោះ បានធ្វើការបង្កើនសម្ពាធ វោហាសាស្ត្រ លើទីក្រុងតេអេរ៉ង់ ស្តីពីផលវិបាកសេដ្ឋកិច្ច ឬក៏យោធាអាចកើតមាន ប្រសិនបើកិច្ចចរចាការទូតបរាជ័យ។

មន្ត្រីចរចាជាន់ខ្ពស់ របស់ប្រទេសអ៊ីរ៉ង់ លោក Ali Bagheri Kani បាននិយាយថា ទីក្រុងតេអេរ៉ង់ប្រកាន់ខ្ជាប់នឹងគោលជំហរ ដែលខ្លួនបានដាក់ចេញកាលពីសប្ដាហ៍មុន ជាពេលដែលកិច្ចពិភាក្សាគ្នាបានផ្អាក ដោយមន្ត្រីអឺរ៉ុបនិងសហរដ្ឋអាមេរិកចោទអ៊ីរ៉ង់ ពីបទបង្កើតការទាមទារថ្មី និងពីបទបដិសេធការសម្របសម្រួល ដែលបានដំណើរការកាលពីដើមឆ្នាំនេះ។

ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រភពអឺរ៉ុបមួយ ហាក់លើកឡើងថា ប្រទេសអ៊ីរ៉ង់បានយល់ព្រមបន្តធ្វើកិច្ចពិភាក្សាគ្នា ពីចំណុចដែលពួកគេ បានទុកចោលកាលពីក្នុងខែមិថុនា និងបានបន្ថែមថា នេះនឹងត្រូវបាន ដាក់ដើម្បីតេស្ត ក្នុងពេលពីរថ្ងៃក្រោយ ប៉ុន្តែមិនបានរំឭកដល់សំណើថ្មី របស់ប្រទេសអ៊ីរ៉ង់នោះទេ៕

ប្រែសម្រួល៖ប៉ាង កុង

To Top