ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងជំរុញ ឲ្យមានអនុត្តរភាព របស់ខ្លួន ក្នុងនាមលទ្ធិប្រជាធិបតេយ្យ ដោយការបំបែកបំបាក់ និងការប្រឈមមុខដាក់គ្នា

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការ បរទេសចិន បានលើកឡើងថា សហរដ្ឋអាមេរិក កំពុងជំរុញ ឱ្យមានអនុត្តរភាព របស់ខ្លួន ក្នុងនាមលទ្ធិប្រជាធិបតេយ្យ ដោយការបំបែកបំបាក់ និងការប្រឈមមុខដាក់គ្នា ហើយគ្មានអ្វីអាចខុស ពីលទ្ធិប្រជាធិបតេយ្យនោះទេ ។

អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃ នៅពេលដែលត្រូវបាន ស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការកត់សម្គាល់របស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន នៅក្នុងអ្វីដែលគេហៅថា “កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ”។

លោក Wang បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យ គឺជាតម្លៃរួមរបស់មនុស្សជាតិ ជំនួសឱ្យឧបករណ៍ យុទ្ធសាស្ត្រភូមិសាស្ត្រ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោកបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិក កំពុងស្វែង រកអនុត្តរភាព ដោយការធ្វើឯកជនភាវូបនីយកម្មផល ប្រយោជន៏សាធារណៈ នៃលទ្ធិប្រជាធិបតេយ្យ និងការញុះញង់ឱ្យមានការបែកបាក់ និង ការប្រឈមមុខ ដាក់គ្នា ក្នុងនាមលទ្ធិប្រជាធិបតេយ្យ ដែលបំផ្លាញប្រព័ន្ធអន្តរជាតិ ជាមួយអង្គការសហប្រជាជាតិ ជាស្នូល និងលំដាប់ពិភពលោក ដោយផ្អែកលើច្បាប់អន្តរជាតិ និង នេះ គឺ ជា ការ មិន ប្រជាធិបតេយ្យ ទាំង ស្រុង។

លោក Wang បានបន្ដថា ដើម្បីសម្រេច បានលទ្ធិប្រជាធិបតេយ្យ ត្រូវតែមានសមភាពជាជាងឧត្តមភាព នីតិរដ្ឋ ជាជាងការគំរាមកំហែង និងការបង្ខិតបង្ខំ និងសាមគ្គីភាព ជាជាងការប្រឈមមុខ ។

លោកបានបន្ថែមថា សហរដ្ឋអាមេរិក ដែលជា “បង្គោល នៃលទ្ធិប្រជាធិបតេយ្យ” ដែលទាមទារដោយខ្លួនឯង បានបង្ហាញពីភាពទន់ខ្សោយ ខាងលទ្ធិប្រជាធិបតេយ្យ និង ឱនភាពប្រជាធិបតេយ្យដ៏ធំ ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “ប្រទេសដែលបង្កការគំរាមកំហែង ខ្លាំងបំផុត ចំពោះលទ្ធិប្រជាធិបតេយ្យ ជាសាកល គឺពិតជាប្រទេស ដែលជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ ការដាក់ទណ្ឌកម្មឯកតោភាគីតាមអំពើចិត្ត និង អនុវត្តអន្តរាគមន៍យោធា នៅទូទាំងពិភពលោក” ។

លោកបានបន្ថែមទៀតថា ការពិតបានបង្ហាញ ឱ្យឃើញថា ការអនុវត្តគំរូ លទ្ធិប្រជាធិបតេយ្យ នៅលើពិភពលោក មិនដំណើរការនោះទេ ដោយលោក បានបន្ថែមថា សហរដ្ឋអាមេរិកព្យាយាម បែងចែកពិភពលោកទៅជាជំរុំ “ប្រជាធិបតេយ្យ” និង “មិនប្រជាធិបតេយ្យ” តាមស្តង់ដាររបស់ខ្លួន ហើយបានញុះញង់ ឱ្យមានការបែកបាក់ និង ការប្រឈមមុខដាក់គ្នា ៕

ដោយ ឈូក បូរ៉ា

To Top