បរទេស៖ កងទ័ពរបស់ប្រទេសថៃ បានបដិសេធការចោទប្រកាន់អំពីការបៀតបៀនផ្លូវភេទដែលពាក់ព័ន្ធនឹងទាហានមួយចំនួន ត្រូវបានបង្ខំឱ្យសម្រេចកាមដោយខ្លួននៅឯអង្គភាពយោធាមួយ បន្ទាប់ពីការបែកធ្លាយរូបថតមួយ ដែលបានរីករាលដាលនៅលើអ៊ីនធ័រណិត។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ការចោទប្រកាន់នេះទាក់ទងនឹងរូបថតនៅលើអ៊ិនធ័រណិត ដែលបង្ហាញពីបុរសមួយក្រុមក្នុងឯកសណ្ឋានយោធា កំពុងអង្គុយនៅលើឥដ្ឋក្នុងបន្ទប់មួយ អមដោយការសរសេរថា ទាហាន ១៦៨ នាក់ត្រូវបានបញ្ជាឱ្យសម្រេចកាមដោយខ្លួនឯងមុនពេលងូតទឹក។ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ទោ Amnat Srimak មេបញ្ជាការរង យោធភូមិភាគទី៣ បានច្រានចោលការចោទប្រកាន់នេះ ដោយលោកថា មិនមានហេតុការណ៍បែបនេះកើតឡើងដូចការអះអាងនោះទេ ហើយចំណងជើងដែលបានសរសេរទៅលើរូបភាពនោះ គឺមិនពិតឡើយ។
លោកបានបន្តថា រូបថតនេះត្រូវបានថតដោយទាហានម្នាក់ក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលធ្វើឡើងដើម្បីចែកឯកសណ្ឋានដល់ទាហាននៅអង្គភាពយោធា ដែលភ្ជាប់ទៅនឹងកងទ័ពនៅយោធភូមិភាគទី 3 ដែលទទួលបន្ទុកត្រួតពិនិត្យសន្តិសុខនៅភាគខាងជើង៕
ប្រែសម្រួលៈ ណៃ តុលា